
ភ្នំពេញ៖ ជាដំណឹងល្អសម្រាប់ប្អូនៗ សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ និងចង់ផ្លាស់ប្តូរការងារថ្មី បានមកដល់ហើយជាមួយនឹងឱកាសការងារជិត ៧០០ កន្លែង មកពីក្រុមហ៊ុនធំៗ ១១ នៅកម្ពុជា គ្រាន់តែមាន CV ក្នុងដៃ ហើយចូលទៅដាក់ពាក្យ នៅតាមក្រុមហ៊ុនដែលបម្រើការ នោះនឹងទទួលបានការសម្ភាសភ្លាម។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសឲ្យដឹងថា នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩ នេះ ក្រសួងនឹងរៀបចំវេទិកាការងារ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ សិស្ស/និស្សិត គ្រាន់តែត្រៀមប្រវត្តិរូបសង្ខេប (CV) ហើយចូលរួមដាក់ពាក្យផ្ទាល់ ដើម្បីសម្ភាសផ្ទាល់ជាមួយអ្នកតំណាងមកពីបណ្តាក្រុមហ៊ុនទាំងនោះជាការស្រេច។
សម្រាប់វេទិកាការងារ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នឹងចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង០៥:០០ល្ងាច ដោយមានក្រុមហ៊ុនចូលរួមដូចជា៖ ក្រុមហ៊ុន AEON Specialized Bank Cambodia, AEON Cambodia , Makro Cambodia, ONLINE ISP Cambodia, Manulife Cambodia, AMK Microfinance Institution Plc., URBAN HUB (CAMBODIA) CO., LTD, LMM Distribution Co.,Ltd, 103 New Production Co.,Ltd, Ly Hour Veluy , Olympia City Hotel នឹងចូលរួមជ្រើសរើសបុគ្គលិក នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែកក្កដា នៅក្នុងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់។
ព័ត៌មានបន្ថែម ចំពោះដំណឹងដ៏ល្អនេះ ប្អូនៗសិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងស្វែងរកការងារធ្វើ ឬត្រូវការបទពិសោធន៍ស្វែងរកការធ្វើ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕