ត្រឹមតែ ៦ខែ គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យពលរដ្ឋខ្មែរ ស្លាប់ និងរបួសជាង ៤ ពាន់នាក់

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានបង្ហាញ​របាយ​ការណ៍ នៅ​ថ្ងៃទី ១៨កក្កដា​នេះ​ថា គិត​ត្រឹម​រយៈពេល៦ខែ​ក្នុង​ឆ្នាំ២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ចំនួន ២,១៧១លើក កើនឡើង ៥៣៨លើក ស្មើនឹង​ប្រមាណ ៣៣ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨ ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១,០៣៣នាក់ និង​របួស​ចំនួន ៣,២២៤នាក់។

ការបង្ហាញ​នេះ ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី១ ឆ្នាំ២០១៩ ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ។

របាយការណ៍​បាន​បង្ហាញថា ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃ​ចំនួន ៦នាក់ និង​របួស​ចំនួន ១៨នាក់។ អត្រា​គ្រោះថ្នាក់​ចរាចរ​ដែលមាន​កំណើន​ខ្ពស់​នេះ​នាំ​ឲ្យ​មាន​ក្តីបារម្ភ​ជាខ្លាំង​សម្រាប់​រាជរដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បង្ហាញថា អត្រា​គ្រោះថ្នាក់​ចរាចរ​នេះ​បានធ្វើឱ្យ​រាជរដ្ឋាភិបាល​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ហើយក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្លាំងក្លា​ដែរ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ថ្លែងថា រដ្ឋា​ភោ​បាល​នឹង​ដាក់ចេញ​វិធានការ​ដូចជា ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ការផ្សព្វផ្សាយ​អប់រំ​ច្បាប់​និង​បទដ្ឋាន​សុវត្ថិភាព​និង ចរាចរណ៍​ផ្លូវគោក ការរៀបចំ​ផ្លូវថ្នល់​ឲ្យ​មាន​សុវត្ថិភាព និង​ការសិក្សា​ស្រាវជ្រាវ​កែលម្អ​ខ្លឹមសារ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ក្នុង​កម្រិត​អប្បបរមា។

លើសពីនេះ លោក​ទេសរដ្ឋមន្ត្រី បានបង្ហាញ​ពី​ទិសដៅសំខាន់ៗសម្រាប់​ឆមាស​ទី២ ឆ្នាំ២០១៩ រួមមាន៖ បន្ត​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សិក្សា​ត្រួតពិនិត្យ​តំបន់​ដែលមាន​គ្រោះថ្នាក់​ញឹកញាប់ បន្ត​ត្រួតពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​ដើមទី​កំពង់ផែ សិក្សា​និង​រៀបចំ​វិធាន​ការបំពាក់​ប្រព័ន្ធ GPS តាមដាន​រថយន្ត​ដឹកទំនិញ ជំរុញ​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវដែក និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ការត្រួតពិនិត្យ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ចាត់វិធានការ​ចំពោះ​ទីតាំង​យានដ្ឋាន​កែច្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​គ្មាន​ច្បាប់៕