
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ខ្លួននឹងមិនពង្រាយមន្រ្តី ដើម្បីចូលរួមសង្កេតការណ៍ក្នុងប្រតិការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០១៩នេះ ដូចបណ្ដាឆ្នាំមុនៗទេ ប៉ុន្ដែក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបន្ដសហការ ប្រសិនមានអំពើពុករលួយកើតឡើង។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបាន Fresh News ដកស្រង់សំដីនៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះថា ដើម្បីឆ្លើយតបទៅនឹងកង្វល់អំពីការមិនចូលរួមសង្កេតការណ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំការប្រឡងឲ្យប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ហើយក្រសួងក៏នឹងពង្រឹងសមត្ថភាពលើការត្រួតពិនិត្យ ដោយខ្លួនឯង ពោលក្រសួងបង្កើនចំនួន និងសមត្ថភាពរបស់អប្បមាទ (អ្នកឃ្លាំមើលការប្រឡង) ព្រមទាំងជំនួយការអប្បមាទ។
លោក រស់ សុវាចា បានថ្លែងថា«៥ឆ្នាំកន្លងមកហើយ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានពង្រាយអ្នកសង្កេតការណ៍ ពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ហើយនៅឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចថា មិនពង្រាយអ្នកសង្កេតការណ៍ ដូច៥ឆ្នាំកន្លងមកទេ ហើយបានស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងយន្ដការរបស់ខ្លួនទៅលើយន្ដការអប្បមាត និងជំនួយការអប្បមាតផ្ទាល់»។
ទន្ទឹមនឹងការមិនចូលរួមសង្កេតការណ៍របស់ ACU នៅឆ្នាំនេះ ត្រូវបានក្រសួងអប់រំ អះអាងថា មិនមានផលប៉ះពាល់ដល់គុណភាពនៃការប្រឡងនោះទេ ពោលគុណភាពនៃការប្រឡង គឺនៅរក្សាស្ដង់ដារខ្ពស់ដោយហេតុផលថា ក្រសួងអប់រំ យុវជន និងកីឡា នៅតែសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនបើមានករណីអំពើពុករលួយកើតឡើង។
សម្តេច ស ខេង បានមានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅថ្ងៃទី១៧ ខែកក្កដានេះថា បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះមានចំនួនសរុប ១១៩,២១៧នាក់ នារីជាង ៦ម៉ឺននាក់ បេក្ខជនមានពិការភាពមានចំនួន ៥នាក់។
សម្ដេចបន្តថា បេក្ខជនប្រឡងនៅឆ្នាំនេះកើនឡើងប្រមាណ ៥៨៥២នាក់ បើធៀបឆ្នាំ២០១៨។ សម្រាប់មណ្ឌលប្រឡងវិញមានចំនួន ២០២មណ្ឌល កើនឡើង៦មណ្ឌល បើធៀបឆ្នាំ២០១៨។
គួរជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងសេចក្ដីជូនដំណឹងស្ដីពីកិច្ចប្រជុំលើកទី៤៧ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីពេលកន្លងទៅបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ACU មិនរៀបចំពង្រាយអ្នកសង្កេតការណ៍ប្រឡងដូចឆ្នាំមុនៗ នៃ៥ឆ្នាំកន្លងមកនេះទៀតទេ ប៉ុន្តែអង្គភាពមួយនេះ មិនបានបញ្ជាក់ឲ្យច្បាស់នូវមូលហេតុដែលខ្លួនមិនចូលរួមសង្កេតការណ៍នោះទេ៕