
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានប្រកាសដាក់ជីវិតរបស់ខ្លួនជាមួយនឹងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើក្នុងប្រទេសនាដំណាក់កាលចុងក្រោយនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ព្រៃឈើ។
នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន Fresh News ដកស្រង់សំដី នៅថ្ងៃទី១៩ ខែកក្កដានេះថា«សរុបសេចក្ដីមកត្រឹមត្រូវការពារដាច់ក្បាលចោលខុសប្រឆាំងដាច់ខាតកាត់ក្បាលក្រវ័តចោលអស់អាយុជីវិតក៏ធ្វើដែរ ដើម្បីព្រៃឈើនៅសេសសល់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល គឺមានតម្លៃ ហើយសូមគ្រប់ខេត្តទាំងអស់ធ្វើការផ្សព្វផ្សាយការងារនេះឲ្យបានច្បាស់។
នាយឧត្តមសេនីយ៍បានបញ្ជាឲ្យសមាជិក និងមន្ដ្រីទាំងអស់នៅក្នុងគណៈកម្មការជាតិរបស់ខ្លួនកត់ឈ្មោះ អ្នកដែលយកឈ្មោះថ្នាក់ដឹកនាំរបស់ជាតិទៅបន្លាចសមត្ថកិច្ច ដើម្បីប្រព្រឹត្តបទល្មើសព្រៃឈើ ដើម្បីមានវិធានការតាមផ្លូវច្បាប់ និងបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនបុគ្គលទាំងឡាយណាបូករួមទាំងជនបរទេសដែលបានជះលុយឲ្យមកកាប់ឈើនៅលើទឹកដីខ្មែរ ដែលជាប់ពាក់ព័ន្ធបើទោះបីលាក់ខ្លួននៅក្នុងប្រទេស ឬគេចទៅកាន់បរទេសក៏ដោយនោះ។
លោកបញ្ជាក់ថា៖«អាវុធហត្ថណាដែលប្រើឲ្យទៅធ្វើការងារ បែរជាឆ្លៀតឱកាសទៅផ្សំគំនិតជាមួយគេយកលុយ ខ្ញុំរកឃើញគឺមុនគេបំផុតអនុវត្តវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ បើជាបទល្មើសត្រូវបញ្ជូនទៅតុលាការ ហើយរហូតមកដល់ម៉ោងនេះ គ្មានទេពាក្យថា ខ្លាច និងគ្មានទេពាក្យថា ចាញ់ ដែលពាក្យទាំងពីរម៉ាត់នេះ មិនត្រូវយកមកប្រើទៀតនោះឡើយ»។
គួររំឭកថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កំពុងធ្វើប្រតិបត្តិការយ៉ាងក្តៅគគុកក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ ប្រតិបត្តិការលើកនេះ ត្រូវបានមន្ត្រីបញ្ជាក់ថា គ្មានការបន្ធូរបន្ថយ ឬយោគយល់ទៀតនោះឡើយ អ្នកប្រព្រឹត្តបទល្មើសទោះអ្នកតូច អ្នកធំ អ្នកមានលុយ មានឥទ្ធិពលគឺត្រូវបង្ក្រាបទាំងអស់៕