
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញថា នគរបាលចរាចរណ៍ នឹងមិនផាកពិន័យ ទៅលើអ្នកបើកបរដែលមិនពាក់មួកសុវត្ថិភាពទេ ប៉ុន្តែត្រូវឃាតខ្លួននៅហ្នឹងកន្លែង រហូតទាល់តែរកមួកសុវត្ថិភាពមកពាក់បាន ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ទាំងអ្នកបើកបរ ទាំងអ្នកជិះពីខាងក្រោយ ត្រូវតែពាក់ពួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា និងគ្រប់ពេលវេលា ទាំងពេលយប់ និងថ្ងៃ។ ករណីមិនពាក់មួកសុវត្ថិភាព នគរបាលចរាចរណ៍ និងធ្វើការឃាត់មិនឲ្យបន្តណើរទៅមុខទៀតឡើយ រហូតទាល់តែរកមួកសុវត្ថិភាពមកពាក់បាន។
សម្រាប់យុទ្ធនាការនេះ ធ្វើឡើង ដើម្បីការចុះធ្វើការផ្សព្វផ្សាយ អប់រំ អំពីសុវត្ថភាពលើដងវិថី មានពេលមួយខែពេញ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៩ ដោយអំឡុងពេលនេះ គឺមិនមានការផាកពិន័យឡើយ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ស្នើសុំឲ្យបងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ៕