
ភ្នំពេញ៖ បន្ទាប់ពីចេញសេចក្ដីជូនដំណឹងស្ដីពីចុះធ្វើការផ្សព្វផ្សាយ អប់រំ អំពីសុវត្ថភាពលើដងវិថី រយ:ពេលមួយខែ ដោយមិនមានការផាកពិន័យ ចំពោះអ្នកបើកបរមិនពាក់មួក ប៉ុន្តែតម្រូវឲ្យរកមួកឲ្យបាន ទើបអនុញ្ញាតបន្តទៅមុនទៀត ពេលនេះចាប់ផ្ដើមហើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត នាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំកម្លាំង ចុះពិនិត្យដោយផ្ទាល់ពីការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសការរឹតបណ្ដឹង ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើរ និងអ្នកបើកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាព។
ក្នុងដំណើរនេះ លោកបានបានប្រាប់អ្នកសារព័ត៌មានថា ចំពោះអ្នកបើកបរម៉ូតូ អ្នករួមដំណើ និងអ្នកបើកម៉ូតូកង់បី ដែលមិនពាក់មួកសុវត្ថិភាពត្រូវឃាត់ ហើយតម្រូវឲ្យរកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត។ អ្នកបើកបរម៉ូតូ អ្នករួមដំណើរ និងអ្នកបើកម៉ូតូកង់បីមួយចំនួន មិនបានពាក់មួកសុវត្ថិភាពនោះទេ។ លោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
ចំពោះសម្រាប់យុទ្ធនាការនេះ ធ្វើឡើង ដើម្បីការចុះធ្វើការផ្សព្វផ្សាយ អប់រំ អំពីសុវត្ថភាពលើដងវិថី ដែលរយ:ពេលមួយខែពេញ ចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៩ ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ស្នើសុំឲ្យបងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមគោរពចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ៕