
ព្រះសីហនុ៖ មនុស្សចំនួន ១៥០នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ
និងប្រើប្រាស់ថ្នាំ… នៅក្នុងខារ៉ាអូខេ «អូប៉ាម៉ា KTV» នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៥ ខែកក្កដានេះ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលនគរបាលខេត្តព្រះសីហនុបានថ្លែងថា កិច្ចប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ពីលោកអភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ដោយចុះបង្ក្រាបនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោកបន្តថា កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស១៥០នាក់ ស្រី៤៨នាក់ ដែលមនុស្សទាំងអស់នេះ៩៥ភាគរយ ជាជនជាតិចិន។ «ក្នុងរង្វង់ប្រតិបត្តិការណេះ បានដកហូត ជ្រុញសម្រាប់ ប្រើគ្រឿង… ចំនួន៣៥ជ្រុញ និងគ្រឿង… ប្រភេទ Ketamin មួយចំនួនធំផងដែរ»។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា មនុស្សទាំង១៥០នាក់ដែលត្រូវបានចាប់ខ្លួននេះ រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការបែកចែកឲ្យបានច្បាស់លាស់រវាងអ្នកធ្វើការ, អ្នកបម្រើ, អ្នកចូលកម្សាន្ដ និងអ្នកប្រើប្រាស់ ចែកចាយគ្រឿង……. ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕