
ភ្នំពេញ៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋាននិមិត្តរូបជាតិមរតកតេជោ នឹងត្រូវបានរៀបចំពិធីដំឡើងថាសកៅអីបេតុងចុងក្រោយ ដែលជានិមិត្តរូបនៃការលេចចេញជារូបរាងកីឡដ្ឋានធំ នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែកក្កដានេះ ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ត្រូវបាន Fresh News ដកស្រង់សំដីថា សម្ដេចនឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ដ្រីកីឡា និងកីឡាករ-កីឡាការិនីជាច្រើន ក្នុងឱកាសដ៏វិសេសវិសាលខាងលើនាថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ។
លោកថា មកទល់ពេលនេះ ការសាងសង់កីឡដ្ឋានធំ ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ប្រើប្រាស់ក្នុងពិធីបើក-បិទកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ បានសម្រេចសមិទ្ធផលមួយចំនួនធំហើយ ក្រោមការយកចិត្តទុកដាក់សាងសង់របស់ក្រុមហ៊ុនសាងសង់ និងគណៈកម្មការអន្ដរក្រសួង។
លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា៖«នៅថ្ងៃទី២៩ ខែកក្កដានេះ ក្រុមហ៊ុនសាងសង់ នឹងធ្វើការដំឡើងថាសកៅអីបេតុងចុងក្រោយជានិមិត្តរូបនៃការលេចចេញជារូបរាងរបស់កីឡដ្ឋានធំ ដែលនឹងបង្ហាញឲ្យឃើញកាន់តែអស្ចារ្យនូវពហុកីឡដ្ឋានជាតិមរកតតេជោ សម្រាប់ទទួលការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រ ដែលកើតឡើងក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី»។
កីឡដ្ឋានធំ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៦.៤ហិកតាខាងលើ គឺស្ថិតក្នុងការសាងសង់ដំណាក់កាលទី២ របស់ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយបានសម្ពោធបើកការសាងសង់ កាលពីដើមខែមេសា ឆ្នាំ២០១៧ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០។ កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ អាចផ្ទុកអ្នកទស្សនាបាន ៦ម៉ឺននាក់ ហើយមានច្រកសុវត្ថិភាព អាចដំដោះអ្នកគាំទ្រទាំងអស់ត្រឹមតែ ៧នាទីប៉ុណ្ណោះ។
ដោយឡែកដំណាក់កាលទី១ រួមមានមណ្ឌលកីឡាហែលទឹកអន្ដរជាតិ, មណ្ឌលកីឡាក្នុងសាល, អាគារស្នាក់នៅកីឡា, តារាងបាល់ទាត់សម្រាប់កម្ដៅសាច់ដុំ, តារាបាល់ទះ, តារាងបាល់បោះ, តារាងកីឡាវាយកូនបាល់ និងសាលហាត់កីឡាប្រយុទ្ធ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ តាំងពីខែមេសា ឆ្នាំ២០១៧ ម្ល៉េះ។ រីឯដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមសាងសង់ ក្រោយបញ្ចប់ការសាងសង់កីឡដ្ឋានធំ ឬ Main Stadium៕