
ភ្នំពេញ៖ រឿងរ៉ាវលុយសំណង បន្ទាប់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសបែកតម្រងនោម ដាច់ពោះវៀន និងសរសៃជើងខាងស្តាំ តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ធ្វើឲ្យកីឡាករប្រដាល់គុនខ្មែរ អេ រដ្ឋា កើតទុក្ខមិនសុខចិត្ត រហូតចេញវីដេអូ Live ចោទប្រកាន់ លោក អេ ភូថង ដែលជាអតីតគ្រូបង្ហាត់ខ្លួន ថាស៊ីដាច់លុយទាំងនោះប្រមាណ ៥ ម៉ឺនដុល្លារ។
ក្នុងវីដេអូ Live នោះកូនសិស្សលោកអេ ភូថងបានស្នើឲ្យអតីតគ្រូរបស់ខ្លួនចូលខ្លួនមកដោះស្រាយនិងប្រគល់ប្រាក់ដែលនៅសល់ឲ្យមកខ្លួនវិញ ព្រោះបច្ចុប្បន្នអតីតកីឡាករប្រដាល់គុនខ្មែររូបនេះ ស្វិតជើងមិនអាចធ្វើការប្រកួតបានទៀតនោះទេ។
ដោយសារតែមានរឿងចោទដូចខាងលើ លោកអេ ភូថង និងភរិយា បានចេញមុខបកស្រាយរឿងនេះ ដើម្បីកុំអោយ មហាជនសង្ស័យ។ តាមរយៈការ Live ផ្ទាល់ «លោកអេ ភូថង និងភរិយាបានបដិសេធទាំងស្រុងថាលោកមិនបានស៊ីដាច់ ឫប៉ះពាល់លុយឧបត្ថម្ភ របស់អេ រដ្ឋា និងប្រាក់សំណងពីម្ចាស់រថយន្តចំនួន ៥មឺុនដុល្លារឡើយ»។
លោក អេ ភូថង និងភរិយា បានបន្តថា «មានតែអាណិតថែមទាំងជួយដល់កីឡាករ អេ រដ្ឋា។ ខណៈដែលភរិយារបស់បកស្រាយយ៉ាងច្បាស់ថា គ្រាន់តែឭថា អេ រដ្ឋា ជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ មានតែខិតខំធ្វើការ Live ដើម្បីស្វែងរកប្រាក់ឧបត្ថម្ភនានា ពីសប្បុរសជនតាមរយៈបណ្តាញសង្គម ដោយមិនទាន់ដឹងរឿងច្បាស់ថា អេ រដ្ឋា ត្រូវរថយន្តជិះបុក ឫជិះទៅបុកដោយខ្លួនឯង បើរឿងប៉ះពាល់ប្រាក់ឧបត្ថម្ភ ឫសំណងពីម្ចាស់រថយន្តគឺគ្មាននោះទេ»
ភរិយា និងលោកបានបន្តទៀត ថា «សូម្បីតែព្យាបាលនៅមន្ទីរពេទ្យកាម៉ែត្រក៏ប្រធានពេទ្យមិនយកប្រាក់ព្យាបាលផងដោយសារតែអាណិតជាកូនសិស្សរបស់លោកគ្រូ» នេះបើយោងតាមការបកស្រាយរបស់លោក និងភរិយា។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូបកស្រាយដូចខាងក្រោម៖