
តោខៀវ Chelsea ទើបរកឃើញជ័យជំនះដំបូងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Frank Lampard ក្នុងក្របខ័ណ្ឌ English Premier League ដឹកនាំចំនួន ៣ប្រកួត ចាញ់១ ស្មើ ១ និងឈ្នះ១ ។
ក្លឹប Chelsea លេងនៅក្រៅផ្ទះ ក្នុងទឹកដីរបស់ក្លឹប Norwich City លើវាលស្មៅនៃពហុកីឡាដ្ឋាន Carrow Road ដែលមានអ្នកចូលរួមទស្សនាចំនួន ២៧,០៣២នាក់ កាលពីយប់ម្សិលមិញនេះ។ បើឆាកដំបូងនៃតង់ទី១ លទ្ធផល ២-២ ស្មើ ក្លឹបតោខៀវរកបាន២គ្រាប់ ដោយកីឡាករខ្សែប្រយុទ្ធ Tammy Abraham នៅនាទីទី០៣ និងកីឡាករ Mason Mount នៅនាទីទី១៧ ចំណែកក្លឹប Norwich City ស៊ុតបញ្ចូលទីដោយកីឡាករ Todd Cantwell នៅនាទីទី ០៦ និងកីឡាករ Teemu Pukki នៅនាទីទី៣១។ ឈានចូលដល់តង់ទី២ កីឡាករខ្សែប្រយុទ្ធ Tammy Abraham រកបាន១ បន្ថែមទៀត នៅនាទីទី៦៨ ជាគ្រាប់បាល់នាំមុខ ៣-២ លើក្លឹប Norwich City រហូតដល់បញ្ចប់ការប្រកួតរយៈពេល៩០នាទី ក្លឹប Chelsea យកឈ្នះក្លឹប Norwich City ៣-២។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្លឹប Chelsea មាន៤ពិន្ទុ ស្ថិតក្នុងលំដាប់ទី១២ បណ្ដោះអាសន្នដោយប្រកួតបានចំនួន៣ប្រកួតនៃក្របខ័ណ្ឌ English Premier League៕