
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញនេះ លោក Felix G. Dalmas ដែលជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើស ជាតិកម្ពុជា បានបញ្ជាក់ថាលោក និងកីឡាករទាំងអស់បានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ប្រកួតជាមួយនឹងក្រុមហុងកុង នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ក្នុងពូល C វគ្គជម្រុះ ជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup Qatar ឆ្នាំ ២០២២ នេះ។
លោកបានបញ្ជាក់ថា គំនិតស្មារតីនៃដំណើរការអភិវឌ្ឍន៍របស់ក្រុមកម្ពុជាមិនផ្លាស់ប្តូរឡើយ ដែលគ្រាន់តែកែសម្រួលខ្លះៗ ដើម្បីជំរុញឲ្យក្រុមកីឡាករទាំងមូលមានការប្រកួតដោយភាពក្លាហាន ស្របតាមអ្វីដែលលោកចង់បាន។ “នៅក្នុងការហ្វឹកហាត់ កីឡាករទាំងអស់បានខិតខំយ៉ាងខ្លាំង ដើម្បីបង្ហាញទម្រង់លេងដ៏ល្អមួយជូនដល់ប្រជាជនកម្ពុជាទាំងអស់ ដោយលោកនៅតែជឿជាក់ថា ប្រិយមិត្តអ្នកគាំទ្រនឹងរីករាយជាមួយនឹងការប្រកួតនេះ បើទោះបីជាមិនមានកីឡាករនិមិត្តរូបក្នុងបេះដូងរបស់ខ្លួន កាលពីកន្លងទៅ បង្ហាញខ្លួន ក្នុងការប្រកួតនេះក៏ដោយ។
ជាមួយគ្នានេះ លោក Mixu Paatelainen ដែលជាគ្រូបង្គោលខាងក្រុមហុងកុង ក៏បានបញ្ជាក់ដែរថា ក្រុមរបស់លោកមានក្តីរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ លោកជឿជាក់ថា ការប្រកួតនាល្ងាចទី ៥ រវាងម្ចាស់ផ្ទះកម្ពុជា និងក្រុមហុងកុង នឹងមានភាពទាក់ទាញ និងទទួលបានការគាំទ្រផងដែរ។
លោកបញ្ជាក់បន្ថែមថា “ខ្ញុំ ក៏ដូចជាកូនក្រុមទាំងអស់បានប្តេជ្ញា ចិត្តថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកនូវលទ្ធផលល្អមួយ ហើយនៅពីក្រោយ ខ្នងរបស់ក្រុមកម្ពុជា គឺមានការរៀបចំដ៏ធំ មួយ ជាក់លាក់ និងពិតប្រាកដមួយ ជាពិសេសគឺមានប្រព័ន្ធរៀបចំដ៏ល្អ មួយគួរឲ្យកត់ សម្គាល់ផងដែរ។
សូមរំឮកថា នៅវគ្គជម្រុះជុំទី២ ក្នុងពូល C នេះរួមមាន៖ ក្រុមជម្រើសជាតិអ៊ីរ៉ង់, អ៊ីរ៉ាក់, បារ៉ែន, ហុងកុង និងក្រុមជម្រើសជាតិកម្ពុជា ហើយក្រុមកម្ពុជានឹងបើកការស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិ បារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខផងដែរ៕