កម្ពុជា អាចពិបាកស៊ី ក្រុមជើងខ្លាំង បារ៉ែន បន្តិចសម្រាប់ការប្រកួតនៅថ្ងៃស្អែក!

ភ្នំពេញ៖ បន្ទាប់ពីទទួលលទ្ធផល ១ ស្មើជាមួយហុងកុង ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះគ្នាជាមួយក្រុមជើងខ្លាំង បារ៉ែន នៅថ្ងៃស្អែក សម្រាប់វគ្គជម្រុះ Preliminary Joint Qualification ជុំទី ២ នៃ World Cup Qatar ឆ្នាំ ២០២២។

ជំនួនលើកនេះ ត្រូវបានអ្នកតាមដានវិស័យកីឡាលើកឡើងថា កម្ពុជា អាចនឹងពិបាកស៊ី ក្រុមជើងខ្លាំង ប៉ារ៉ែន បន្តិច សម្រាប់ការប្រកួតនៅល្ងាចស្អែកនេះ ខណៈក្រុមនេះ ជាក្រុមខ្លាំងមួយធ្លាប់យកឈ្នះការប្រកួតជាច្រើន។ ក្នុងនោះ ក្រុមកីឡាមកពីឧបទ្វីបអារ៉ាប់មួយនេះ ធ្លាប់បំបាក់ឥណ្ឌូណេស៊ីដែលជាក្រុមខ្លាំងមួយនៅអាស៊ីអាគ្នេយ៍រហូតដល់ទៅ ១០ ទល់នឹង ០ កាលពីខែកុម្ភៈ ឆ្នាំ២០១២ ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup សម្រាប់ឆ្នាំ ២០១៤។

យ៉ាងណាមិញថ្មីៗនេះ ក្រុមបារ៉ែន បានឈ្នះ១ ស្នើ១ ចាញ់១ ដោយឈ្នះ ក្រុមឥណ្ឌា ១-០ (Away) ចាញ់កូរ៉េខាងត្បូង ២-១ និងប្រកួតចុងក្រោយស្មើ អ៊ីរ៉ាក់ ១-១ (Home)។

យោងលើលទ្ធផល ទាំងនេះ យើងអាចមើលឃើញថា ជំនួបស្អែកនេះ កម្ពុជា អាចនឹងពិបាកទប់ទល់បន្តិច ប៉ុន្តែក៏មានការលើកឡើងដែលថា ចំណុចនេះ វាពិតជាលំបាកមែន តែមិនមានន័យថាកម្ពុជា យើងអន់ដែរ បើមើលទៅលើការប្រកួតចុងក្រោមការដឹកនាំពីលោក Honda និង Felix ក្រុមគោព្រៃកម្ពុជា ទទួលបានលទ្ធផលឈ្នះ ២ ស្នើរ១ ចាញ់០ ដោយឈ្នះ ប៉ាគីស្ថាន ២-០ (Home) ឈ្នះប៉ាគីស្ថាន ២-១ (Away) និងចុងក្រោយលេងស្មើក្រុមហុងកុង ១-១ (Home)។

ទម្រង់លេងរបស់កម្ពុជា ត្រូវបានអ្នកទស្សនាមើលឃើញថា មានការផ្លាស់ប្ដូរច្រើន ការលេងមានការសហការគ្នា ហើយនឹងធឹងស័ក្ដិសមជាអ្នកកីឡាកម្រិតអន្តរជាតិពិតៗ។ ក្រៅពីនេះ កម្ពុជា នៅមានថាមពលពិសេសមួយទៀត ដែលលើសពីក្រុម បារ៉ែន នោះគឺអ្នកគាំទ្រដ៏ច្រើនហួសប្រមាណជាង ៥ ម៉ឺននាក់ ចាំជាកម្លាំងចិត្ត ដែលជាកត្តាដ៏សំខាន់អាចជួយឲ្យកម្ពុជាជោគជ័យ។ យ៉ាងមិញ លោក Honda ក៏បានប្រាប់ទៅកីឡាករទាំងអស់ដែលថា ទោះត្រូវប៉ះក្រុមខ្លាំងកម្រិតណា មកពីក៏ដោយ ក៏ត្រូវលេងដោយទំនុកចិត្តនិងលេងតាមក្បួនហ្វឹកហាត់ដែរ។

សូមជម្រាបថា៖ កម្ពុជានឹងបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិ ក្រុមបារ៉ែន វេលាម៉ោង ៦:៣០ នាទី នៅពហុកីឡដ្ឋានជាតិ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ស្អែកនេះ។ ប្រកួតបន្ទាប់កម្ពុជានឹងទៅជួបជាមួយក្រុម អ៊ីរ៉ាក់ នៅថ្ងៃទី១០ ខែ១០ នៅពហុកីឡដ្ឋាន អាសាឌី ប្រទេសអ៊ីរ៉ាក់៕