
កម្មវិធីប្រដាល់លំដាប់ថ្នាក់ពិភពលោក World Lethwei Championship (WLC) របស់ប្រទេសមីយ៉ាន់ម៉ា នឹងបង្ហាញខ្លូននៅប្រទេសកម្ពុជា នៅប៉ុន្មានខែខាងមុននេះ ដោយមានកីឡាករប្រដាល់ល្បីៗជាច្រើនចូលរួម។
យោងតាមគេហទំព័រហ្វេសប៊ុកផេក WLC បានបង្ហោះមុននេះបន្តិច មានប្រទេសចំនួន ៤ នឹងត្រូវត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យសម្រាប់ឆ្នាំ ២០២០ ខាងមុន ដោយប្រទេសកម្ពុជា ត្រៀមធ្វើនៅរាជធានីភ្នំពេញ ក្នុងខែមីនា សហរដ្ឋអាមេរិក ធ្វើនៅរដ្ឋម៉ាអាម៉ី ក្នុងខែសីហា ប្រទេសជប៉ុន ធ្វើនៅទីក្រុងតូក្យូ ក្នុងខែតុលា និងប្រទេសមីយ៉ាន់ម៉ា ធ្វើនៅទីក្រុងយ៉ានហ្គ័ន ម៉ែនដាឡៃ និងហ្វា-អា នៅខែកុម្ភៈ ឧសភា និងខែធ្នូ។
កម្មវិធីប្រដាល់លំដាប់ថ្នាក់ពិភពលោក World Lethwei Championship (WLC)ត្រូវបានគេទិញសិទ្ធិយកទៅផ្សាយបន្តផ្ទាល់ចំនួន ៤០ប្រទេស នៅជុំវិញពិភពលោក។ ក្នុងនោះ សម្រាប់កម្ពុជា ធ្លាប់មានកីឡាករជាច្រើនរូបមកហើយ បានទៅប្រឡូកក្នុងសង្វៀននេះ ដូចជា រឿង សោភ័ណ្ឌ ពេជ្រ ម្ទេសខ្មាំង នៅ ស្រីពៅ រិន សារ័ត្ន និងអេ យ៉ានុត ជាដើម។ សម្រាប់ព្រឹត្តិការណ៍ខាងមុខនោះដែរ កីឡាករ ធុន ចាន់តាក់ នឹងត្រូវឡើងតតាំង នឹងកីឡាករមីយ៉ាន់ម៉ា Shuklaine Min នៅថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០១៩ នាពេលខាងមុខនេះ៕