
ភ្នំពេញ៖ ពិតជាសំណាងមួយសម្រាប់កម្ពុជា ខណៈមានបុគ្គលល្បីៗ ២ រូបក្នុងវិស័យកីឡាបានចូលមកជ្រោមជ្រែង និងជួយអស់ពីចិត្ត ដោយលោក Sir Bobby Charton ជនជាតិអង់គ្លេស ជាវីរបុរសរបស់ក្លឹបយក្ស Manchester United បានមកជួយលើការបណ្ដុះបណ្ដាលជនពិការឲ្យចេះជំនាញ និងលោក Honda ជនជាតិជប៉ុនចូលមកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ កម្ពុជាឲ្យរីកចម្រើនទៅមុខ។

បច្ចុប្បន្នលោក Honda ជាគ្រូបង្វឹកជម្រើសជាតិក្រុមបាល់ទាត់កម្ពុជា ដោយពុំគិតប្រាក់បៀវត្សរ៍សូម្បីមួយសេនពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការជួយរយៈពេល ២ ឆ្នាំ។ លោកបានជួយបង្វឹកកីឡាករបាល់ទាត់មានភាពរីកចម្រើនខ្លាំង លើទម្រុងលេង តាមរយៈ ៤ ប្រកួតចុងក្រោយនេះ។ លើសពីនេះ លោកក៏បានបង្កើតសាលាបាល់ទាត់នៅកម្ពុជា មានឈ្មោះថា «SOLTILO FAMILIA Soccer School» ក្នុងគោលបំណងបណ្ដុះបណ្ដាលយុវជនលើវិស័យបាល់ទាត់កាន់តែមានភាពរីកចម្រើនផងដែរ។

ក្រឡេកមកមើល លោក Sir Bobby Charton ជាវីរបុរសរបស់ក្លឹបយក្ស Manchester United វិញ។ លោក Charton នឹងបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជនពិកា នៅខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ដែលបានផ្ដួចផ្ដើមដោយអង្គការ Find A Better Way (FABW) ជារបស់លោក និងសហការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍ជនពិកា (DDSP) ក្នុងគោលបំណងគាំទ្រដល់ជនពិការគ្រប់រូប ដើម្បីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ ចាប់ផ្ដើមពីអាជីវកម្មខ្នាតតូច។
ដូចការលើកឡើងខាងនេះ ពួកគាត់ទាំង ២ សុទ្ធតែជាមនុស្សល្បីឈ្មោះទូទាំងពិភពលោកក្នុងវិស័យបាល់ទាត់ ដែលបានមកចូលរួមយ៉ាងសកម្ម ដើម្បីជួយការអភិវឌ្ឍន៍លើវិស័យមួយចំនួនរបស់ប្រទេសយើង៕