ជើងខ្លាំងមកពីភ្នំសៅលីញនឹងចូលប្រកួតជាមួយគុនល្បក្កតោខ្មែរលើកដំបូង ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកំពត

(ភ្នំពេញ)៖ ពិធីបុណ្យ​សមុទ្រ​លើក​ទី៨ ជុំ​ទី២ នៅ​ខេត្តកំពត ឆ្នាំ២០១៩នេះ រឹតតែ​មាន​ភាព​ពិសេស​លើសឆ្នាំមុនៗទៅទៀត ដោយ​គណៈកម្មការ​អន្តរក្រសួង​រៀបចំ​ពិធីបុណ្យ ពិសេស​អនុគណៈកម្មការ​សកម្ម​ភាព​កីឡា​សម្រាប់​ពិធីបុណ្យ​សមុទ្រ បាន​អញ្ជើញ​ក្រុម​កីឡាករ​គុន​សៅ​លី​ញ​មកពី​ភ្នំ​សៅ​លី​ញ ប្រទេស​ចិន ឱ្យ​ចូលរួម​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​គុន​ល្បក្ក​តោ ដែលជា​គុន​បុរាណ​ខ្មែរ​ដ៏​ល្បីល្បាញ។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​យ​អង្គភាព​ព័ត៌មាន Fresh News ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​អនុគណៈកម្មការ​សកម្ម​ភាព​កីឡា សម្រាប់​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត បានឱ្យដឹងថា លោក​បាន​ទៅដល់​ភ្នំ​សៅ​លី​ញ ប្រទេស​ចិន​ផ្ទាល់ ដោយបាន​ជួបពិភាក្សា​ជាមួយ​ឧ​ត្ត​ម​គ្រូ (Grand Master) នៃ​ក្បាច់គុន​សៅ​លី​ញ​ផ្ទាល់​ដើម្បី​អញ្ជើញ​ក្រុម​កីឡាករ

គុន​សៅ​លី​ញ​ឱ្យមក​ចូលរួម​ប្រកួត​កីឡា​គុន ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ប្រទេស​កម្ពុជា ហើយ​ឧ​ត្ត​ម​គ្រូ​រូបនោះ​ក៏បាន​ទទួល​យល់ព្រម​ជាមួយ​សំណើ​នេះ​យ៉ាង​ពេញចិត្ត។

បើតាម​ឯកឧត្តម វ៉ា​ត់ ចំរើន ឧ​ត្ត​ម​គ្រូ​គុន​សៅ​លី​ញ​បានសម្រេច​ចូលរួម​ប្រកួត​ជាមួយ​កម្ពុជា និង​ដឹកនាំ​កីឡាករ​ចំនួន៤នាក់​ទៀត មក​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត ដោយ​លោក​មានការ​ត្រេកអរ​យ៉ាងខ្លាំង ព្រោះនេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុម​កីឡាករ​គុន​សៅ​លី​ញ​ចេញមក​ប្រកួត​នៅ​ប្រទេស​កម្ពុជា។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​លើកឡើងថា ប្រជាពលរដ្ឋ​ភាគច្រើន​ធ្លាប់​ឃើញតែ​ឃើញ​ក្បាច់គុន​សៅ​លី​ញ​នៅតាម​វីដេអូ ឬ​នៅតាម​ភាពយន្ត​ជាដើម ប៉ុន្តែ​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​នាពេល​ខាងមុខនេះ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នឹង​បានឃើញ​ផ្ទាល់​ភ្នែក​ក្នុងការ​ប្រកួត​ជាមួយ​ក្បាច់គុន​បុរាណ​ខ្មែរ​ជាក់​ជាមិនខាន។

ឯកឧត្តម វ៉ា​ត់ ចំរើន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អ្នក​ស្នេហា​វិស័យ​កីឡា សូម​ចូលរួម​ទស្សនា​ប្រកបដោយ​ភាពសប្បាយ​រីករាយ ក្នុងការ​ប្រកួត​គុន​បុរាណ​ខ្មែរ​ទល់នឹង​គុន​បុរាណ​ចិន ដែល​សុទ្ធ​តែមាន​ភាពល្បីល្បាញ​ដូចគ្នា។

អគ្គលេខាធិការ​ជាតិ NOCC បាន​បន្តថា ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ ក្រៅពី​ការប្រកួត​ក្បាច់គុន​ខាងលើ ក៏មាន​សកម្មភាព​កីឡា​ជាច្រើន​ទៀត រួមមាន៖

* ប្រភេទ​កីឡា​ទំនើប ឬ​កីឡា​មហាជន មានដូចជា​កីឡា​រត់ប្រណាំង​កម្សាន្ត​មាន​រយៈ​ចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូ​ម៉​ត្រ ដោយបាន​ត្រៀម​អ្នកចូលរួម​រត់​ប្រមាណ​ជិត ២ពាន់​នាក់។ កីឡា​ជិះ​កង់​កម្សាន្ត ដែលមាន​ការត្រៀម​សិស្សានុសិស្ស ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០០នាក់ ឱ្យ​ចូលរួម​ប្រកួត​ជាមួយ​កីឡាករ​ជំនាញ​ក្នុង​សហព័ន្ធ​កីឡា​ប្រណាំង​កង់។

* ប្រភេទ​កីឡា​ប្រពៃណី មានដូចជា​ការសម្ដែង​គុន​ល្បក្ក​តោ​នៅលើ​ឆាក​ជូន​គណៈអធិបតី នា​ពិធី​បើក​ពិធីបុណ្យ​សមុទ្រ​ជា​ផ្លូវ​មួយទៀត និង​មានការ​សម្ដែង​នៅក្រៅ​ឆាក​ផ្សេងទៀត។ កីឡា​កីឡា​អុក​ច​ក្ត្រ​ង្គ ដែល​ប្រកួត​យក​ជយលាភី​លេខ១ និង​លេខ២ ខណៈ​ការ​ជម្រុះ​ជា​បន្តបន្ទាប់​នោះ ត្រូវបានធ្វើ​រួចមកហើយ​នៅ​រាជធានី​ភ្នំពេញ ដែល​នៅសល់​ប្រមាណ ១០នាក់។

ក្រៅពីនោះ មាន​កីឡា​លើក​ទម្ងន់ ឬ​កីឡា​ស្វែងរក​បុរស​ខ្លាំង ដែល​ចូលរួម​ប្រកួត​ដោយ​អ្នក​ហាត់​តាម​ក្លឹប​សាច់ដុំ​មកពី​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តកំពត ដែលមាន​ការលើក​រ៉ឺម៉ក​កង់​បី ឬ PasApp។ កីឡា​ប្រភេទ​នេះ​ត្រូវបាន​ឯកឧត្តម វ៉ា​ត់ ចំរើន អះអាងថា​ជា​កីឡា​ថ្មី​មួយ ត្រូវបាន​ដាក់ឱ្យ​មានកា​រ​ប្រកួត​ក្នុង​ពិធីបុណ្យ​សមុទ្រ។

ឯកឧត្តម​បាន​បន្ដថា ក៏មាន​កីឡា​ប្រណាំង​ម៉ូតូ​ទឹក​អន្តរជាតិ​នៅតាម​ព្រែក​កំពង់បាយ ពោលគឺ​មុខ​សាលាខេត្ត​កំពត ដែលជា​ការប្រកួត​មិត្តភាព​ជាមួយ​កីឡាករ​បរទេស​មកពី​ប្រទេស​ឥណ្ឌូនេស៊ី ចិន ថៃ អារ៉ាប់ និង​ប្រទេស​មួយចំនួនទៀត។

មិនតែប៉ុណ្ណោះ ក៏មាន​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ក្នុង​កម្រិត​ពាក់កណ្ដាល​អាជីព ដែលមាន​ការចូលរួម​ពី​ក្រុម​កីឡាករ៣ប្រភេទ រួមមាន៖ អ្នកស្ម័គ្រចិត្ត អ្នក​ពាក់កណ្ដាល​អាជីព និង​អ្នក​ប្រដាល់​អាជីព ហើយ​ចំពោះ​ប្រភេទ​អាជីព​នេះ​ក៏មាន​ការចូលរួម​ពី​កីឡាករល្បីៗ ដូចជា​កីឡាករ រឿង សោភ័ណ និង​កីឡាករ​បរទេស​ជាច្រើន​ទៀត។

ក្រៅពីនេះ ក៏មាន​ការប្រកួត​យុទ្ធ​គុន​បុរាណ​របស់​ក្រុម​កីឡាករ​ឥណ្ឌា​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សកម្មភាព​កីឡា​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​នេះ កាន់តែ​ប្រកបដោយ​ភាព​ចម្រុះ ផ្ដល់នូវ​ភាពសប្បាយ​រី​រាយ​ជូន​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ ខណៈ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ ក៏ត្រូវ​បាន​អះអាង​ធានា​រួចមកហើយ​ដែរ៕