
ភ្នំពេញ៖ ក្រុមបាល់ទាត់តារាៗរបស់នាយ ពែកមី និងក្រុមបាល់ទាត់ដែលចម្រុះដោយតារាៗរបស់ផលិតកម្មមហាហង្សកាលពីល្ងាចថ្ងៃទី ២៦ខែ មិថុនា ឆ្នាំ២០២០បានប៉ះគ្នាជាលើកដំបូង ដោយបញ្ចប់ការប្រកួតក្រុមនាយ ពែកមី ដែលជាក្រុមបង្កើតមុននិងល្បីឈ្មោះជាយូរមកហើយនោះបានក្លាតជាអ្នកចាញ់យ៉ាងអាម៉ាស់នៅក្នុងតារាងរបស់វិទ្យាល័យឥន្ទ្រទេវី។
ថ្វីដ្បិតតែជាតារាតែក្នុងវិស័យបាល់ទាត់ពាក់កណ្ដាលអាជីពក្រុមបាល់ទាត់មហាហង្សដែលមានឈ្មោះជាផ្លូវការថា Mahahang All Stars FC និងក្រុមរបស់នាយ ពែកមី ដែលមានឈ្មោះថា Pekmi FC គឺជាក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងដោយមានប្រវត្តិយកឈ្នះលើក្រុមជាច្រើន។ប៉ុន្តែក្រុមតារាទាំងពីរក្រុមមិនធ្លាប់ជួបគ្នានោះទេហើយមានព័ត៌មានថាក្រុមនាយ ពែកមី ប៉ងចង់ប្រកួតជាមួយក្រុមនេះតាំងពី២ឆ្នាំមុនមកម្លេះ។
យោងតាមការបង្ហោះរបស់លោក ពែកមី បានលើកឡើងថា “ថ្ងៃនេះចាញ់ក្រុមហាហង្ស ត្រូវមួយកែងប៉ោងភ្នែកទៀត”។ ងាកទៅមើលផេករបស់ផលិតកម្មមហាហង្ស ក៏បង្ហាញពីការអបអរសាទរចំពោះជ័យជម្នះរបស់ខ្លួនលើក្រុមនាយ ពែកមី ដែលជាក្រុមខ្លាំងនិងស្ទើរតែក្លាយជាក្រុមអាជីព ដោយសារតែមានកីឡាករខ្លាំងៗនៅក្នុងនោះផងដែរ។ ប្រភពពីអ្នកទស្សនា បានទម្លាយមកថា មុនបញ្ចប់ការប្រកួត ក្រុមទាំងពីរមិនត្រឹមតែប្រឹងស្វិតស្វាញក្នុងការស្វែងរកគ្រាប់បាល់ប៉ុណ្ណោះទេ តែក៏មានការប៉ះទង្កិចគ្នាបន្តិចបន្តូចផងដែរ។
លោក អ៊ិន សុភិន មិនទាន់អាចសុំការបកស្រាយបន្ថែមលើជ័យជម្នះនេះទេ ប៉ុន្តែគេមើលឃើញថា ឱកាសយកឈ្នះលើក្រុមនាយ ពែកមី គឺការបង្កើនមុខមាត់កាន់តែខ្លាំងរបស់ក្រុមនេះ បន្ទាប់ពីក្រុមមហាហង្សបានប្រមូលតារាអោយក្លាយជាកីឡាករ ហើយយកឈ្នះលើក្រុមជាច្រើននៅក្នុងវិស័យបាល់ទាត់។
ផ្អែកតាមការប្រកួតជាក់ស្ដែង ក្រុមទាំងពីរក៏ប៉ះគ្នាខុសបច្ចេកទេសខ្លះៗផងដែរ ខណៈដែលក្រុមមហាហង្សត្រូវគេកត់សម្គាល់ថា លេងត្រូវបច្ចេកទេសបានល្អលើកលែងតែក្រុម ពែកមី ដែលមានកីឡាករខ្លះលេងប្រើកម្លាំង ក្រោយពេលព្យាយាមតាមរកគ្រាប់បាល់មិនទាន់។ គូក្រុមនេះ មិនដឹងថានឹងបើកឆាកប៉ះគ្នាជាលើកទី២ពេលណានោះទេ ប៉ុន្តែយោងតាមកីឡាករមួយរូបរបស់មហាហង្សដែលនិយាយសុំមិនបញ្ជេញឈ្មោះបានបញ្ជាក់ថា ក្រុមមហាហង្សនឹងអាចមិនលែងជាមួយក្រុមនាយ ពែកមី ទៀតនោះទេ ដោយអះអាងថា ក្រុមពែកមីលេងប្រើកម្លាំងនៅអំឡុងនាទីជិតចប់ ធ្វើអោយកីឡាករខ្លះក្នុងក្រុមមហាហង្សអន់ចិត្ត៕