មកស្គាល់ប្រវត្តិខ្លះៗរបស់កីឡាករលេង​អុក​វ័យ​ក្មេង​កម្ពុជា​ លី គីមឡុង លើវិស័យកីឡាអុកអន្តរជាតិ

បច្ចុប្បន្ន​វិស័យ​កីឡា​អុក​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​បី​ដូចជា​មាន​សន្ទុះ​គ្រាំទ្រ​ជាង​មុន​ ទោះបី​ជា​វិស័យ​កីឡា​មួយ​នេះ​ដូចជា​ដើរ​យឺត​ជាង​កីឡា​​ផ្សេង​ៗ​ក្តី។ ថ្ងៃ​នេះ​ The Plus News យើង​ខ្ញុំ​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​កីឡា​អុក​ដែល​ពេញ​និយម​ខ្លាំង​គឺ​ អុកចត្រង្គ​ ហើយ​កម្ពុជា​មាន​កីឡាករ​លេង​អុក​វ័យ​ក្មេង​ម្នាក់​មាន​ឈ្មោះ​ថា​ លី គីមឡុង បាន​នាំ​កម្ពុជា​ប្រឡូក​ក្នុង​កម្មវិធី​ប្រកួត​កីឡា​អុក​លើ​ខ្នាត​អន្តរជាតិ​ផ្សេងៗ ​។

តួយ៉ាង​កីឡាករ​អុក​អន្តរជាតិ​វ័យក្មេង​លី គីម​ឡុង​ គឺជា​កីឡាករ​តែ​មួយ​រូប​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ពិន្ទុ​ពី​សហព័ន្ធ​អុក​ពិភពលោក FIDE និង​សព្វ​ថ្ងៃ​មាន​ឋានៈ​ជា​ស្តេច​អុក​ថ្នាក់​ជាតិ (National Master)។

លី គីមឡុង មុន​ពេល​ផ្លាស់​មក​លេង​ក្រោម​ទង់​កម្ពុជា​រូប​គេ​ធ្លាប់​លេង​តំណាង​ឲ​សហព័ន្ធ​អុក​ពិភព​លោក​ផ្ទាល់ ដែល​នៅពេល​នោះ​គេ​បាន​ចូល​ប្រកួត​ក្នុង​កម្មវិធី​អន្តរជាតិ​ផ្សេង​ៗ​ហើយ​ថែម​ទាំង​បាន​រងជើង​ឯក​ការ​ប្រកួត​FOA GRAND PRIX ដែល​រៀប​ចំឡើង​ដោយ​ FIDEផ្ទាល់​ផង​ដែរ​។

នៅ​ដើម​ ២០២០​ កីឡាករ​ឆ្នើម​វ័យ​ក្មេង​រូបនេះ​បាន​ទាក់ទង​សហព័ន្ធអុក​កម្ពុជា​ដើម្បី​ផ្លាស់​មក​លេង​ក្រោម​ទង់​កម្ពុជា​។ បន្ទាប់​ពី​នេះ​គេ​ក៏​បាន​ចេញ​ប្រកួត​ជារឿយ​ៗ​តាម​កម្មវិធី​ផ្សេង​ៗ​។ មួយ​រយៈ​ចុងក្រោយ​នេះ​ដោយ​សារ​បញ្ហា​ជំងឺ​រាត​ត្បាត​សកលcovid១៩ គេ​ឃើញ​ លី គីមឡុង បាន​ចេញ​ប្រកួត​តាម​រយៈ​អនឡាញ និង​វេបសាយ​អុក​អន្តរជាតិ​ល្បី​ៗ​ដូច​ជា chess.com និង lichessជា​ដើម​។ ក្នុង​ឆ្នាំ​២០២០​នេះ​គេ​បាន​ឈ្នះ​ការ​ប្រកួត​អន្តរជាតិ​ ៣​ដង រង​ជើង​ឯក​ម្តង និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ពីរ​ដង​ផងដែរ​។ បើ​តាម​ប្រតិបត្តិការ​ប្រកួត​គេ​ឃើញ​ លី គីមឡុង ​បាន​ប្រកួត​ឈ្នះ masterជា​ច្រើន​មក​ពី​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក ប្រកួត​ចុង​ក្រោយ​របស់​គេ​គឺ​ឈ្នះ​កីឡា​ការិនី​អុក​លេខ១​ របស់​វៀតណាម​ក្នុង​វិញ្ញាសា​៣+២នាទី។

នេះ​ជា​សមិត្ត​ផល​ដ៏​អស្ចារ្យ​របស់​សហព័ន្ធ​អុក​កម្ពុជា​ និង​ជា​ភាព​គួរ​ឲ្យ​ស្ញប់ស្ញែង​របស់​កីឡាករ​ខ្មែរ​យើង​។ ដូចនេះ​សូម​បងប្អូន​ជនរួមជាតិ​ជួយ​ចូល​រួម​គាំទ្រ​កីឡាករ​របស់​យើង​ដើម្បី​ឲ្យ​ពួក​គាត់​មាន​ទឹកចិត្ត​នាំ​យក​ជ័យជំនះ​ និង​មេដាយ​ជូន​កម្ពុជា​បន្ថែម​ទៀត​នៅ​ថ្ងៃ​អនាគត​៕