កម្ពុជានឹងទទួលផលចំណេញជាច្រើនលើគ្រប់វិស័យ ពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ កម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ខាងមុខ នេះ។ ទន្ទឹមគ្នានេះ អគ្គលេខាធិកា នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣បានអះអាងថា ការធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជានឹងទទួលផលចំណេញជាច្រើនលើគ្រប់វិស័យ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍តាមរយៈវិទ្យុជាតិកម្ពុជាកាលពីពេលថ្មីៗនេះថា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅតែមានភាពវិជ្ជមាន ដោយសារការខិតខំប្រឹងប្រែងរបស់កម្ពុជា កំពុងជំរុញឲ្យដំណើរការទៅដោយរលូន ទោះបីនៅក្នុងឆ្នាំ២០២០នេះ យើងជួបបញ្ហារាតត្បាតជំងឺកូវីដ-១៩ក្តី ។

លោកបានបន្តថា យើងរៀបចំស៊ីហ្គេមនេះមិនមែន ឈ្នះចាញ់នោះទេ គឺការទទួលបាន កិត្តិយសសេចក្តីថ្លៃថ្នូរ នៃការធ្វើជាម្ចាស់ផ្ទះ ធ្វើឱ្យប្រតិភូមកចូលរួមទទួលបានសុខសុវត្ថិភាព អារម្មណ៍សប្បាយរីករាយដ៏កក់ក្តៅ និងទទួលបានអនុស្សាវរីយ៍ល្អៗនៅពេលគេត្រឡប់ទៅវិញ។ បន្ថែមពីនេះ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ធ្វើឱ្យកម្ពុជាចំណេញផ្នែកកិត្យានុភាពជាតិ ផ្នែកទេសចរណ៍ វប្បធម៌ លើកកម្ពស់វិស័យកីឡា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យវិស័យកីឡា។

បន្ថែមពីនេះ អ្វីដែលកាន់តែពិសេសនោះ លោកបានបញ្ជាក់ដូច្នេះថា« អ្វីដែលសំខាន់ជាពេលវេលាឱកាស ដែលយើងធ្វើការផ្សព្វផ្សាយ ពីកម្ពុជាទៅពិភពលោក ហើយក្រៅពីចំណេញដល់នយោបាយកាទូត ចំណេញនយោបាយសេដ្ឋកិច្ច សង្គមរបស់យើង ចំណេញនយោបាយទេសចរណ៍ ចំណេញនយោបាយនៃការផ្សព្វផ្សាយឥទ្ធិពល អរិយធម៌ វប្បធម៌ជាតិគឺយើងចំណេញ មួយទៀតភាពខ្លាំង កីឡាករកីឡាការិនីរបស់យើង»។

បន្ថែមពីនេះ លោកថា «ហើយក៏ជាមូលដ្ឋាន កសាងវិស័យកីឡារបស់យើងឱ្យរឹងមាំ ទៅថ្ងៃអនាគតបន្តទៀត។ អ្វីដែលសំខាន់នៅក្នុងស៊ីហ្គេមទៀត ក្រៅពីបង្ហាញ ចំណេញសំខាន់ជាងគេឱ្យគ្រប់ភាគីពាក់ព័ន្ធជុំវិញការរៀបចំទាំងអស់នេះ ចេះសហការរៀបចំជាមួយគ្នា ប្រើឥរិយាបថរួមមួយគឺជាប្រវត្តិសាស្ត្រ របស់ជាតិ ចេះរបៀបធ្វើការជាមួយការងារអន្តរជាតិ»។

បច្ចុប្បន្ននេះគ្រប់គណៈកម្មការទំាងអស់កំពុងកសាង ធនធានមនុស្សលើវិស័យកីឡា និងពង្រឹងរចនាសម្ព័ន្ធ និងកិច្ចការផ្សេងៗទៀត ដើម្បីឆ្ពោះទៅទទួលបានភាពជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនេះ នឹងអាចដណ្តើមបានមេដាយមាសកាន់តែច្រើនជូនជាតិមាតុភូមិ។នេះបើតាមការបញ្ជាក់បន្ថែមពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្ដង ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣ បន្ទាប់ពីប្រទេសវៀតណាម៕