កម្ពុជាប្រកាសដាក់ឲ្យប្រើប្រាស់អាងហែលទឹកស្ដង់ដារអន្ដរជាតិ តម្លៃជិត ៣លានដុល្លារ នៅថ្ងៃនេះ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា អាងហែលទឹកស្ដង់ដារអន្ដរជាតិ នៃពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះហើយ ក្រោយបញ្ចប់ការសាងសង់ និងជួសជុល កាលពីខែមេសាកន្លងទៅ ដោយចំណាយថវិកាអស់ប្រមាណជិត ៣លានដុល្លារ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា អាងហែលទឹកស្ដង់ដារអន្ដរជាតិ ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC ក៏ដូចជាតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផងដែរ។

អាងហែលទឹកពហុកីឡដ្ឋានជាតិនេះ មានអាងសម្រាប់ហែលទំហំ ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង ១០ខ្សែបន្ទាត់ និងអាងលោតទឹក១ ខ្នាត ២០ម៉ែត្រ X ២៥ម៉ែត្រ។ លើសពីនេះ នៅមានការរិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និងហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់កៅអីជាង ១,៦០០កៅអី ដែលចំណាយសរុបជិត ៣លានដុល្លារ។ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ធ្លាប់បានបញ្ជាក់កាលពីពេលកន្លងទៅ៕