កម្ពុជា ប្តេជ្ញាជំរុញវិស័យកីឡាហែលទឹក ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣

កាលពីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២០ កម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក និងការប្រកួតហែលទឹកជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នៅ​ក្នុង​ពហុកីឡដ្ឋានជាតិអូឡាំពិក។ នាឱកាសនោះ តំណាងរដ្ឋាភិបាល អះអាងថា កម្ពុជា ប្តេជ្ញាជំរុញវិស័យកីឡាហែលទឹក ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា លោក ស៊ុន ចាន់ថុល បានលើកឡើងថា អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ មាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ប្រើប្រាស់រយៈពេល១៨ខែ ចំណាយថវិកាប្រមាណ៣.០០០.០០០ដុល្លាអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction។ ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកនេះមានបំពាក់ម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានអាងហែលទឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និងខេត្តកណ្ដាល (ស្រុកកោះធំ) ដើម្បីបង្កភាពងាយស្រួលដល់យុវជនកម្ពុជាទាំងឡាយ ដែលស្នេហាវិស័យកីឡានេះចូលរួមហ្វឹកហាត់ឱ្យបានច្រើនថែមទៀតលើវិញ្ញាសាហែលទឹក បាល់ទឹក លោតទឹក និងរបាំទឹកជាដើម ដើម្បីបង្កើន និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីខ្មែរឱ្យដល់កម្រិតស្តង់ដាអន្តរជាតិ និងឈានទៅដណ្ដើមយកមេដាយជូនជាតិមាតុភូមិ។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ឱ្យចូលរួមហាត់កីឡានេះឱ្យបានច្រើន ព្រោះថាការចូលរួមហាត់របស់បងប្អូនមិនមានការបង់ថ្លៃឡើយ។ លើសពីនេះទៀត សហព័ន្ធនឹងផ្ដល់គ្រូបង្វឹកដែលមានបទពិសោធន៍ល្អៗ ដើម្បីបង្ហាត់សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕