ខេត្តកំពង់ស្ពឺ នឹងបើការដ្ឋានសាងសង់កីឡដ្ឋានលំដាប់អន្តរជាតិ តម្លៃជាង២លាន ចុងសប្តាហ៍នេះ

កីឡដ្ឋានស្តង់ដារអន្តរជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កីឡដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ៤ហិចតា។កីឡដ្ឋានស្តង់ដារអន្តរជាតិ ខេត្តកំពង់ស្ពឺ តម្លៃប្រមាណ ២ លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម រ៉ី សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ថា៖ «កាលពីខែធ្នូឆ្នាំ ២០១៩ យើងធ្លាប់បើការដ្ឋានម្ដងហើយ តែគឺគ្រាន់បើកការសាងសង់របង ដោយឡែកនៅចុងសប្តាហ៍ហ្នឹងគឺគេរៀបចំបុកគ្រឹះស្តាតតែម្តង»។

ឯកឧត្តមបន្ថែមថា៖ «បើទោះបីជាមានវិបត្តិកូវីដក្ដី កីឡដ្ឋានមួយនេះនៅតែបន្តសាងសង់ និងបញ្ចប់ការសាងសង់ដូចការគ្រោងទុក ព្រោះម្ចាស់ជំនួយនៅតែបន្តផ្ដល់ជំនួយ»។

គួរជម្រាប់ជូនថា ម្រោងកីឡដ្ឋានដែលមានតម្លៃជាង២លានដុល្លារមួយនេះ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ ៕