កីឡដ្ឋានតម្លៃជាង៣លានដុល្លារនៅខេត្តកំពង់ស្ពឺ នឹងបញ្ចប់សាងសង់នៅដើមឆ្នាំ២០២២

ទីបំផុត អគារទីលានកីឡា និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ។កីឡដ្ឋានបាល់ទាត់លក្ខណៈស្ដង់ដារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង៤ហិកតា។

កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីគម្រោងណាហ្គាវើលដ៍បេះដូងសប្បុរស ព្រមទាំងពីសំណាក់សប្បុរសជននានា។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា វិស័យកីឡាដ្ឋានខេត្តកំពង់ស្ពឺ ជាពិសេសកីឡាបាល់ទាត់នារីដ៏ឆ្នើម បានក្លាយទៅជាជម្រើសជាតិហើយ។ លោកថា យ៉ាងោចណាស់ ក្រុមការងារនឹងចំណាយពេលវេលា យ៉ាងតិច១៥ខែ ចាប់ពីថ្ងៃបុកគ្រឹះទៅ ឬរួចរាល់កំឡុងមុនចូលឆ្នាំ២០២២។ ការកសាងនេះដើម្បីសម្រេច បានឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ហើយកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្លាយជាកន្លែងលេងកីឡាចម្រុះ ដែលបម្រើឲ្យសក្តានុពលនៃកីឡាតែម្តង។

បើតាមផែនការ នៃការសាងសង់កីឡដ្ឋានបាល់ទាត់នេះ ការសាងសង់នឹងបែងចែក ជា២ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយ VIP ៣,០០០កៅអី ទីលានបាល់ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ ជាការសាងសង់ កន្លែងអ្នកទស្សនាកើនដល់ ៦,០០០នាក់។

កីឡដ្ឋាខេត្តកំពង់ស្ពឺ នេះនឹងប្រែក្លាយខេត្តកំពង់ស្ពឺ ដែលធ្លាប់តែជាខេត្តដែលប្រជាពលរដ្ឋធ្វើដំណើរទៅហួសមកហួស មកជាទីតាំងសក្ដានុពល ដែលលើកកម្ពស់មុខមាត់ និងកិត្យានុភាពខេត្តកំពង់ស្ពឺ ជាពិសេសវិស័យកីឡាបាល់ទាត់។ តាមការគ្រោងទុក កីឡដ្ឋានដ៏ធំស្កឹមស្កៃ ប្រកបដោយសោភ័ណភាពល្អប្រណិតនេះ នឹងត្រូវសាងសង់បញ្ចប់ដំណាក់កាលទី១ ក្នុងឆ្នាំ២០២២៕