WWF៖ កូនផ្សោត៣ក្បាល ត្រូវបានកត់ត្រាក្នុងកំណើតថ្មី ក្នុងរយៈពេល៥ខែនេះ

អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់WWF បានឱ្យដឹងថា កូនផ្សោតកើតថ្មីសរុបចំនួន៣ក្បាល ត្រូវបានកត់ត្រានៅចន្លោះខែមករា និងខែឧសភា ឆ្នាំ២០២១នេះ ខណៈអត្រាស្លាប់ខ្ពស់ជាងអត្រាបង្ក កំណើត ដែលជាកត្តាដ៏គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។

របាយការណ៍នេះ បានបង្ហាញឡើងក្រោយប្រទះឃើញកូនផ្សោតចំនួន១ក្បាល អាយុ ប្រមាណជាង១០ថ្ងៃ កំពុងហែលជាមួយហ្វូងសត្វផ្សោតធំចំនួន៧ ក្បាលផ្សេងទៀត នៅក្នុងតំបន់អន្លង់សត្វផ្សោតកាំពីនៃខេត្តក្រចេះ កាលពីសប្តាហ៍មុន។

លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវចម្រុះនៃអង្គការWWFប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រុមស្រាវជ្រាវបានកត់ត្រាទុកចំនួនកូនផ្សោតកើតថ្មីសរុបចំនួន៣ក្បាល នៅចន្លោះខែមករា និងខែឧសភា ឆ្នាំ២០២១នេះ ខណៈកូនផ្សោតចំនួន៦ក្បាល ត្រូវបានកត់ត្រាក្នុងចន្លោះរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។ លោកឱ្យដឹងថា ការតាមដានវត្តមាន និងស្ថានភាព សត្វផ្សោតនេះ បានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកម្មវិធីតាមដាន ដើម្បីប៉ាន់ប្រមាណចំនួនសត្វផ្សោត ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងតំបន់ដែនជម្រករបស់សត្វផ្សោត តាមបណ្តោយដងទន្លេមេគង្គ មានចម្ងាយប្រវែង១៨០គីឡូម៉ែត្រ ត្រង់ចន្លោះក្រុងក្រចេះ និងព្រំប្រទល់កម្ពុជា-ឡាវ។

យោងតាមលទ្ធផលជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ របស់រដ្ឋបាលជលផល និងអង្គការWWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។ ពួក វាកំពុងប្រឈមនឹងការគំរាមកំហែងដូចជា៖ ការទាក់ជាប់ទៅនឹងមងនេសាទនៅក្នុងតំបន់គ្រប់គ្រងនិងការពារសត្វ សកម្មភាពនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ នុយនេសាទដែលមានជាតិពុលនិងការនេសាទហួសកម្រិត និងទំនប់វារីអគ្គិសនីនៅចរន្តទឹកខាងលើ ជាដើម។

របាយការណ៍របស់អង្គការ WWF បានឱ្យដឹងបន្ថែមថា នៅចន្លោះខែមករា និងខែឧសភាឆ្នាំ ២០២១ សត្វផ្សោតចំនួន៤ក្បាល បានស្លាប់ ដែលក្នុងនោះសត្វពេញវ័យ១ក្បាល បានស្លាប់ដោយមូលហេតុជាប់នឹងមងនេសាទ ខណៈ១ក្បាលបានស្លាប់ដោយសារវ័យចំណាស់ និងមូលហេតុនៃការស្លាប់របស់កូនផ្សោតមិនទាន់អាចត្រូវបាន បញ្ជាក់នៅឡើយ។

លោក សេង ទៀក នាយកអង្គការWWFប្រចាំកម្ពុជា លើកឡើងថា អត្រាស្លាប់នេះជានិន្នាការមួយដ៏គួរឱ្យបារម្ភយ៉ាងខ្លាំង ដែលទាមទារនូវភាពចាំបាច់ក្នុងការរួមសហការគ្នាឱ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្សឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត ក្នុងការការពារសត្វផ្សោតឱ្យចៀសផុតពីភាពវិនាសផុតពូជ។

សត្វផ្សោតអ៊ីរ៉ាវ៉ាឌី(Irrawaddy) ឬសត្វផ្សោតទន្លេមេគង្គ គឺជាសត្វផ្សោតទឹកសាបមួយប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបសរុបតែចំនួន៧ប្រភេទគត់នៅក្នុងពិភពលោក។

បច្ចុប្បន្ន ថនិកសត្វមួយនេះ ត្រូវបានរកឃើញមានវត្តមានច្រើនជាងគេតែនៅក្នុងទន្លេមេគង្គកម្ពុជា ទន្លេក្នុងប្រទេសមីយ៉ាន់ម៉ា ទន្លេក្នុងប្រទេសឥណ្ឌូនេស៊ី បឹងមួយក្នុងប្រទេសថៃ និងឥណ្ឌាប៉ុណ្ណោះ។ ប៉ុន្តែចំនួននៃវត្តមាននេះ ត្រូវបានអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN ចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាប្រភេទជិតផុតពូជ៕