
រឿងក្ដីចាស់របស់អតីតកីឡាករក្លឹប Barcelona គឺលោក Ronaldinho ទាក់ទងនឹងការរំលោភច្បាប់សាងសង់ ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន កាលពី ៤ ឆ្នាំមុន បានជះផលអាក្រក់ដល់ដំណើរមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅពាក់កណ្ដាលខែមីនា ឆ្នាំ ២០១៩ នេះ។
តាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដែលជាអ្នកអញ្ជើញកីឡាកររូបនេះ បានប្រកាសពន្យារពេលនៃការអញ្ជើញមកដល់របស់កំពូល តារាបាល់ទាត់លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” មកកាន់ប្រទេសកម្ពុជា។ ការពន្យាលពេលនេះ ត្រូវបានក្រុមហ៊ុនឲ្យដឹងថា មកពីនីតិវិធីដើម្បីទទួលបានលិខិតឆ្លង ដែនរបស់លោក Ronaldinho ត្រូវបានពន្យារពេល ជាហេតុបណ្តាលឲ្យលោក មិនអាចចាកចេញពីប្រទេសប្រេស៊ីល និងមិនអាចបំពេញ តាមការសន្យាមកចូលរួម ក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL ២០១៩ នៅប្រទេសកម្ពុជាបាន។
ចំពោះរឿងក្ដីកាលពីឆ្នាំ ២០១៥ នោះដែរ សារព័ត៌មានអង់គ្លេស the Sun បានចុះផ្សាយថា អតីតកីឡាករក្លឹប Barcelona គឺលោក Ronaldinho ត្រូវតុលាការប្រេស៊ីល បានហាមឃាត់ មិនឲ្យធ្វើដំណើរចាកចេញពីប្រទេសប្រេស៊ីលទេ ព្រោះគាត់នៅជាប់ការពិន័យទឹកប្រាក់ ១.៧៥ លានផោន។
តុលាប្រេស៊ីល បានតម្រូវឲ្យអាជ្ញាធរដកហូតលិខិឆ្លងដែន របស់ Ronaldinho និងបងប្រុសរបស់គាត់ឈ្មោះ Assis Moreira។ ការរឹបអូសលិខិតឆ្លងដែននេះ គឺដើម្បីឲ្យប្រាកដថា Ronaldinho និងបងប្រុសគាត់ នឹងសងទឹកប្រាក់ ១.៧៥លានផោន ដែលត្រូវបានផាកពិន័យ ចំពោះការរំលោភច្បាប់សាងសង់ ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន កាលពី ៤ឆ្នាំមុន។
រដ្ឋអាជ្ញា បានចោទប្រកាន់ថា អគារវិទ្យាស្ថាន Gaucho របស់ Ronaldinho ដែលសាងសង់ក្នុងទីក្រុង Porto Alegre ប្រទេសប្រេស៊ីល បានធ្វើឲ្យខូចបិរស្ថាន ។ វិទ្យាស្ថាននោះ គឺជាកន្លែងសប្បុរសធម៌ ដែលធ្វើការដើម្បីជួយកុមារក្នុងទីក្រុង ប៉ុន្តែអាជ្ញាធរ នៅតែទាមទារផាកពិន័យ។ ការពិតទៅ តុលាការបានបញ្ជាឲ្យរឹបអូសលិខិតឆ្លងដែនរបស់ Ronaldinho តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨ ប៉ុន្តែដោយសារតែពេលនោះ អតីតកីឡាករក្លឹប Barcelona វ័យ ៣៨ឆ្នាំនេះ ស្ថិតនៅក្រៅប្រទេស ហើយក៏បន្តធ្វើដំណើរទៅនេះទៅនោះ រហូតដល់បុណ្យគ្រិស្មាស់ ដូច្នេះទើបគេគ្មានឱកាស៕