
តាមព័ត៌មានកន្លងមកបង្ហាញថា Samsung នឹងដាក់ចេញ Tab S6 តំណាលគ្នាជាមួយទូរស័ព្ទ Galaxy Note 10 ប៉ុន្តែក្រុមហ៊ុនបានចេញវាមកមុនហើយ ជាមួយនឹងសមត្ថភាពឡើងកប់តែម្ដង។
Tab S6 ជាថេប្លេតប្រើប្រាស់ឈីប Snapdragon 855 ជាមួយនឹង រ៉េមជម្រើស 6GB / 8GB ព្រមទាំងប្រើប្រាស់អេក្រង់ Super AMOLED ទំហំ 10.5 អ៊ីញ (2560 x 1600px) ដែលធំទូលាយ ស៊ីជាមួយនឹងប៊ិច S Pen ដែលក្រុមហ៊ុនបានកែប្រែឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត នៅក្នុងការប្រើប្រាស់។
វាមានរន្ធបំពងសំឡេងមានចំនួន 4 គ្រាប់តម្លើងដោយ AKG និងទ្រទ្រង់ជាមួយនឹង Dolby Atmos ដែលផ្តល់បទពិសោធន៍នៃការស្តាប់លក្ខណៈ 3D។ កាមេរ៉ាខាងក្រោយ របស់វា ឡើងដល់ទៅ 2 គ្រាប់ ដោយគ្រាប់ទីមួយ មានទំហំ 13MP ដូចនឹងគ្រាប់ទីពីរដែរ គ្រាន់តែ មុខងាររបស់គ្រាប់ទីពីរ សម្រាប់ផ្តិតក្នុងកម្រិតមុំ ultra-wide 123 ដឺក្រេ ដែលធ្វើអោយនេះ គឺជាថេប្លេតដំបូងគេរបស់ Samsung ហើយ ដែលបំពាក់ Len Ultra-wide។ ចំណែកឯ កាមេរ៉ាខាងមុខវិញមានទំហំ 8MP។
ទៅលើថាមពលថ្ម វាបង្កប់ទំហំ 7040mAh ខណៈដែលប៊ិច S Pen ផ្ទុកបានទំហំ 0.35mAh តែប៉ុណ្ណោះ តែអាចកំដរយើងចុចបានដល់ទៅ 10 ម៉ោងបាន ក្នុងការសាកថ្មមួយពេញម្តងតាមរន្ធប៊ិច ដោយចំណាយពេលតែ 10 នាទីទេ។ បន្ថែមអំពីប៊ិចនេះ គឺវាមានលក្ខណៈមិនខុសពីប៊ិចរបស់ Note 9 ឡើយ កាលនោះវាអាចបញ្ជាបទចម្រៀង និងចាក់វីដេអូបាន ហើយក៏អាចយកបញ្ជាថតរូប បានថែមទៀតផងដែរ។
ចំពោះតម្លៃ Samsung បានប្រកាសថា តម្លៃរបស់វានឹងចាប់ផ្តើមឡើងពី $649 សម្រាប់ RAM 6GB + 128GB និង $729 សម្រាប់ម៉ូឌែល RAM 8GB + 256GB សម្រាប់ទីផ្សារស្រុកក្រៅ អមជាមួយនឹងពណ៌ចំនួន 3 ដូចជា Mountain Gray, Cloud Blue និង Rose Blush៕