
ភ្នំពេញ៖ រថយន្តស្ព័រដ៏ទំនើប Lamborghini Huracán EVO ត្រូវបានក្រុមហ៊ុន HGB Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយរថយន្ត Lamborghini តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើការសម្ពោធជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៩ នេះ។
Huracán EVO គឺជាកំពូលរថយន្តស្ព័រ V10 ជំនាន់ថ្មី ដែលបានបង្កើតឡើងដោយផ្អែកទៅលើកម្លាំង និងសមត្ថភាពរបស់រថយន្តម៉ូឌែល Huracán Performante បូករួមការដាក់បញ្ចូលប្រព័ន្ធបញ្ជារថយន្តជំនាន់ថ្មី ព្រមទាំងរចនាបទឌីណាមិកអាកាស (Aerodynamics) នៅលើតួរថយន្ត។
រថយន្តថ្មីនេះ ប្រើនូវម៉ាស៊ីន V10 ចំណុះ 5.2 L មានកម្លាំង 40 សេះ (470 KW) 8000 rpm ជាមួយនឹងកម្លាំងបង្វិលជុំ 600 Nm ត្រូវបញ្ជូននៅ 6500 rpm ហើយមានទម្ងន់ខ្លួនសរុប 1,422 kg។ ចំពោះសន្ទុះល្បឿន វាអាចរត់បានពី ០ ទៅ 100kmh ប្រើពេលត្រឹមតែ 2.9 វិនាទី និង 0 ទៅ 200kmh ប្រើពេលត្រឹមតែ 9 វិនាទី ហើយអាចរត់បានល្បឿនបំផុត 325 Kmh។
លក្ខណ្ឌខាងក្រៅផ្សេងៗទៀត ត្រូវបានកំណត់តាមរយៈការតាមដានសកម្មភាព និងស្ថានភាពនៃការកាច់ចង្កូត។ ព័ត៌មានទាំងអស់នេះ ត្រូវបានវិភាគ និងដំណើរការដោយ LDVI ដែលប្រែសម្រួលពួកវាទៅជាឧបករណ៍សម្រាប់ប្រព័ន្ធថាមវន្តយានយន្ត។ សញ្ញាបង្ហាញអ្វីដែលនៅលើផ្លូវឬនៅជិតរថយន្ត “feed forward logic” ត្រូវបានធ្វើឡើងដោយប្រព័ន្ធគ្រប់គ្រងថាមវន្តយានយន្ត ដែលមានន័យថាពេលនោះរថយន្តមិនត្រឹមតែបញ្ចេញសកម្មភាពអ្វីនោះទេ ប៉ុន្តែបានជួយរៀបចំរបៀបបើកបរសម្រាប់ផ្លូវខាងមុខ។
នៅក្នុងប្រព័ន្ធគ្រប់គ្រងបែប STRADA Huracán EVO មានភាពបត់បែនខ្ពស់ និងមានមុខងារធ្វើឲ្យអ្នកបើកបរកាន់តែមានអារម្មណ៍រីករាយជាមួយនឹងការបើកបរ។ ក្នុងបរិបទកីឡាវិញ វាមានមុខងារម្យ៉ាងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ និងរំភើប។ ចំណែកឯប្រព័ន្ធគ្រប់គ្រងបែប CORSA Huracán EVO មានភាពសកម្ម និងបង្កើនក្តីរំភើបដល់អ្នកបើកបរ ជាពិសេសនៅក្នុងព្រឹត្តិការណ៍សំខាន់ៗនិងរន្ធត់ដូចជាពេលប្រណាំងរថយន្តជាដើម។
សម្រាប់ម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនកែច្នៃនឹងដាក់ចេញនូវបច្ចេកវិទ្យាទំនើបៗ ទាំងខាងក្នុង និងខាងក្រៅ។ ចំពោះតម្លៃក្រុមហ៊ុននៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕