
ក្រុមហ៊ុន Samsung Display ទើបតែប្រកាសថាខ្លួនបានបង្កើតបន្ទះអេក្រង់ធ្លាក់មិនចេះបែក(Unbreakable) ប្រភេទ OLED អាចបត់បែនបាន។ ការបង្កើតនេះ ក្រុមហ៊ុនធ្វើឡើងប្រើបំពាក់លើស្មាតហ្វូន ដោយវាត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ UL – Underwriters Laboratory ធ្វើការឲ្យផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSHA) នៃក្រសួងការងារសហរដ្ឋអាមេរិក។
កញ្ចក់អេក្រង់ថ្មីរបស់ក្រុមហ៊ុន Samsung គឺជាប្រភេទបន្ទះអេក្រង់ OLED ដែលអាចពុតកាច់បាន ដោយមិនខ្លាចបែកឡើយ។ ប្រភេទកញ្ចក់អេក្រង់ថ្មីនេះ មិនមែនក្រាលដោយកញ្ចក់ឡើយ គឺក្រាលដោយផ្លាស្ទិច ដែលអាចពុត ឬកាច់បាន ហើយកញ្ចក់អេក្រង់នេះមានទំងន់ស្រាល និងធន់ ស្រដៀងគ្នាទៅនឹងកញ្ចក់ដែរ នេះបើតាមការអះអាងរបស់លោក Hojung Kim អ្នកគ្រប់គ្រងទូទៅនៃក្រុមទំនាក់ទំនងក្រុមហ៊ុន Samsung ។
កញ្ចក់អេក្រង់ថ្មីនេះឆ្លងកាត់ការធ្វើតេស្តសាកល្បងទំលាក់ពីកំពស់ 1.2 ម៉ែត្រ និងកំពស់ 1.8 ម៉ែត្រ ដោយមិនមានខូចខាតអ្វីឡើយ ហើយកញ្ចក់អេក្រង់មិនចេះបែកនេះត្រូវបានគេរំពឹងថា អាចនឹងបំពាក់នៅលើស្មាតហ្វូន Galaxy ត្រកូល S នៅឆ្នាំក្រោយនេះ៕