ក្រៅពីស្មាតហ្វូន Google អាចនឹងបញ្ចេញកុំព្យូទ័រកូនកាត់ថ្មីមួយទៀត

នៅសល់ពេលមិនយូរទៀតទេ ក្រុមហ៊ុន Google នឹងធ្វើការបង្ហាញស្មាតហ្វូនរបស់ខ្លួន Pixel ជំនាន់​ថ្មី​គឺ Pixel 3 និង Pixel 3 XL។ ជាមួយគ្នានេះ មានព័ត៌មានបែកធ្លាយរូបភាពប៉ុន្មានសន្លឹក ដែលបញ្ជាក់​ថាក្រុម​ហ៊ុន​គ្រោង​នឹង​បញ្ចេញស៊េរីកុំព្យូទ័រកូនកាត់ថ្មីដែលមានរាងស្អាត សមត្ថភាពខ្លាំងមួយម៉ូឌែលទៀតស្ថិតក្នុងស៊េរី Pixelbook។

រូបគំរូ Google Pixel  3 និង Pixel 3 XL
រូបគំរូ Google Pixel 3 និង Pixel 3 XL

ព័ត៌មាន​ថ្មី​ចុងក្រោយ​ពី​គណនី Evan Blass នៅ​លើ​បណ្ដាញ​សង្គម Twitter ឱ្យ​ដឹង​ថា ទន្ទឹម​វត្តមាន​ក្រុម​ផលិតផល Pixel ​ទាំង​ពីរ​នេះ ក្រុមហ៊ុន Google ក៏​អាច​នឹង​បញ្ចេញ​កុំព្យូទ័រ Pixelbook ដែល​មាន​គែម​ស្ដើង​ជាង​មុន​ផង​ដែរ។ Pixelbook នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Chrome OS ​ប្រើ​ឈីប Intel ឬ Qualcomm ARM chipset និង​គាំទ្រ​មុខងារ Google Assistant ហើយចំពោះ​ទូរស័ព្ទ Pixel ត្រូវ​គេ​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​ក្នុង​សប្ដាហ៍​ទី ១ នៃ​ខែ​តុលា​ឆាប់ៗ​នេះ៕