
កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Sony ប្រចាំប្រទេសជប៉ុន បានធ្វើការប្រកាសចេញនូវសេនស័រ CMOS Image Sensor ថ្មីបំផុតរបស់ខ្លួន សម្រាប់បំពាក់លើកាមេរ៉ាទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មី ដែលត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះអះអាងថាវាមានសមត្ថភាពក្នុងចាប់យករូបភាពច្បាស់បំផុត បើប្រៀបធៀបនឹងសេនស័រកាមេរ៉ាដែលមានលើទីផ្សារបច្ចុប្បន្ន។
សម្រាប់សេនស័រថ្មីនេះដែរ បើតាមព័ត៌មានមួយចំនួនបានចុះផ្សាយបានបញ្ជាក់ថា ក្រុមហ៊ុនទំនងអាចយកទៅបំពាក់លើទូរស័ព្ទ Xperia XZ3 មុនគេ ខណៈស្មាតហ្វូនម៉ូឌែលនេះ ត្រូវបានគេឲ្យដឹងថា អាចនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ។ សេនស័រថ្មីនោះ ត្រូវបានក្រុមហ៊ុនឲ្យឈ្មោះថា IMX586 ដែលវាអាចទ្រទ្រង់ជាមួយនឹងកាមេរ៉ាទំហំ 48 មេហ្គាភិចសែល ។ IMX586 ទ្រទ្រង់ដោយស៊ិនស័រ Quad Bayer 2×2 ភីចសែល ដែលមានន័យថា ស៊ីនស័រនេះ នឹងបញ្ចូលបួនភិចសែលរួមគ្នា ដែលផ្តល់លទ្ធផលស្មើនឹង 12MP ដែលមានទំហំធំ 1,6 μm ភីកសែល។ សម្រាប់រូបភាព និងវីដេអូ អាចនឹងមានកម្រិត Noise តិចតួចនៅពេលដែលថតនៅពេលយប់។

បើតាមការចុះផ្សាយនៅលើគេហទំព័រ Sumahoinfo ឱ្យដឹងថា Xperia XZ3 នឹងបំពាក់កាមេរ៉ាទំហំដល់ទៅ 48MP។ ក្រៅពី 48MP ហើយ Xperia XZ3 ក៏ត្រូវរំពឹងទៀតថា នឹងបំពាក់អេក្រង់ ៥,៧ អ៊ីញកម្រិត FHD+ (2160×1080)px ប្រើឈីប Snapdragon 845 អមដោយ RAM 6GB និងអង្គចងចាំ 64GB។ សម្រាប់កាមេរ៉ាមុខវិញនឹងមានទំហំ 12MP និងមានប្រព័ន្ធដំណើរការ Android Oreo។ Sony នឹងសម្ពោធស្មាតហ្វូន Xperia ថ្មីនេះអំឡុងខែកញ្ញាខាងមុខ អាចចំព្រឹត្តិការណ៍ IFA តែម្ដង៕