
គ្រាន់តែចូលដល់ខែសីហាភ្លាម តម្លៃទូរស័ព្ទ Galaxy S9 និង S9+ ហើយនឹងទូរស័ព្ទ Galaxy Note 8 កំពុងរង់ព្យុះភ្លៀងបោកបក់ខ្លាំងក្នុងទីផ្សារកម្ពុជា ដោយមានហាងមួយចំនួនហ៊ានដាក់លក់ទាបជាងតម្លៃដែលក្រុមហ៊ុនបានកំណត់ ក្រោមរូបភាពធ្វើកម្មវិធីពិសេសផ្សេង ដែលនាំមានបញ្ហាតម្លៃក្នុងទីផ្សារ។
ហាងមួយម្ដុំគីរីរម្យបានដាក់លក់ទូរស័ព្ទ Galaxy Note 8 619 ដុល្លារជាមួយនឹងការថែមជូន Original Wireless Charge ប៉ុន្តែប្រសិនបើមិនយកកាដូរថែមមានតម្លៃហែល 600 ដុល្លារប៉ុណ្ណោះ ខណៈតម្លៃពេញ 919 ដុល្លារ។ ចំពោះ Galaxy S9+ ទំហំ 128GB នៅសល់ត្រឹម 659 ដុល្លារប៉ុណ្ណោះនៅពេលនេះ។ ដោយឡែកហាងមួយទៀត នៅម្ដុំស្ដុប DN និងផ្សារថ្មី បានដាក់លក់ Note 8 ក្នុងតម្លៃ 919 ដុល្លារដដែល ប៉ុន្តែមានថែម Original JBL Boombox តម្លៃ 389$ មួយ ឬថែម iPhone 6 ទំហំ 32GB មួយតម្លៃ 329 ដុល្លារមួយ។
ការធ្លាក់ថ្លៃនេះ ធ្វើឲ្យបញ្ហាជាច្រើន រួមទាំងការលក់ទូរស័ព្ទ Samsung ម៉ូឌែលផ្សេងក្រៅពីម៉ូឌែលខាងលើ និងលក់ចេញមកវិញរបស់អតិថិជនពេលចង់ដូរម៉ូត។ ទាក់ទងនឹងរឿងនេះ ម្ចាស់ហាងលក់ទូរស័ព្ទមួយនៅម្ដុំផ្សារដេប៉ូ សូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការធ្លាក់ថ្លៃនៃទូរស័ព្ទទាំងពីរម៉ូឌែល កំពុងបង្កការឈឺក្បាល និងប៉ះពាល់ដល់ស្មាតហ្វូន Samsung សឹងគ្រប់ម៉ូឌែល ខណៈការទម្លាក់តម្លៃនេះ ធ្វើឲ្យមានការខាតថ្លៃដើមជាច្រើន។
ម្ចាស់ហាងខាងលើថា៖ ហាងធំៗនាំគ្នាលក់កាច់កុងតម្លៃគ្នា ដើម្បីបញ្ចេញឥវ៉ាន ចំណុចនេះវាធ្វើឲ្យប៉ះពាល់ខ្លាំងដល់ហាងតូចដូចពួកខ្ញុំ ដែលត្រូវនាំគ្នាខាតមួយគ្រឿងពីរទីបីរយដុល្លារក្នុងមួយគ្រឿង។ ចំពោះបញ្ហាតម្លៃនេះ ចាប់ផ្ដើមកើតមានបន្ទាប់ Samsung ចេញនូវកម្មវិធីព្យុះលាភ ព្យុះសំណាង សម្រាប់ស្មាតហ្វូន Galaxy S9 និង S9+ ហើយទូរស័ព្ទ Galaxy Note 8 លក់បញ្ចុះតម្លៃ ១០០ ដុល្លារ រួមនឹងការទទួលបានកាដូរបន្ថែមផ្សេងទៀត។ ប៉ុន្តែវាបានហុចផលល្អចំពោះអតិថិជនដែលដែលទិញស្មាតហ្វូន Samsung យកទៅប្រើបានក្នុងទាបជាងធម្មតា៕