ស្មាតហ្វូនកំពូលហ្គេមរបស់ ASUS ត្រូវបានគេទម្លាយតម្លៃលើទីផ្សារ

ក្រោយបង្ហាញខ្លួនតាំងពីខែមិថុនា ទូរស័ព្ទ ROG Phone មិនទាន់ត្រូវបាន ASUS បង្ហាញតម្លៃផ្លូវការ​នៅ​ឡើយទេ។ ប៉ុន្តែថ្មីៗនេះ ​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​មួយ​នៅ​ហ្វាំងឡង់ Telia ​ចាប់ផ្ដើម​ទទួល​ការ​កុម្ម៉ង់​ទិញ​ទូរស័ព្ទ​ហ្គេម Asus ROG ​ ដែល​យើង​បាន​ដឹង​នូវ​តម្លៃសម្រាប់​ទីផ្សារ​ប្រទេស​ហ្វាំងឡង់។

​          វែបសាយ​លក់​អនឡាញ Telia បាន​តាំង Asus ROG អម​ជាមួយ​លក្ខណៈ​សម្បត្តិ​ក៏​ដូច​ជា​តម្លៃ ៩៩៩អឺរ៉ូ ឬ​ប្រហែល ១១៥០ដុល្លារ (គិត​ពន្ធ ២៤% រួច) ដូច្នេះ​បើ​តម្លៃ​ដុល​ត្រឹម ៩៣០ដុល្លារ​ប៉ុណ្ណោះ ហើយ​មាន​ហ្វ្រី​កាស​ស្ដាប់ ROG Delta Headphones ជាមួយ USB Type-C ​ដែល​មាន​តម្លៃ​សរុប ១៩០ដុល្លារ។ ស្មាតហ្វូន​ហ្គេម Asus ROG ​នេះ​ត្រូវ​បាន​ផលិត​អម​ជាមួយ​ឡូហ្គោ RGB Republic of Gamers ស្ថិត​នៅ​ផ្នែក​ខ្នង។

អ្នក​អាច​ដោត​ស្ដាប់​កាស​បាន​តាម​រន្ធ USB Type-C ​របស់ AeroActive Cooler បាន។ Asus ក៏​បាន​បញ្ចូល​រន្ធ​កាស 3.5mm ​នៅ​លើ Cooler ​សម្រាប់​ប្រើ​ជាមួយ​ទូរស័ព្ទ​ខ្លួន​ដែរ។ AeroActive ​Cooler ​បាន​ភ្ជាប់​ជាមួយ​កូន​កង្ហារ​តូច​សម្រាប់​ជួយ​បន្ថយ​កម្ដៅ ពិសេស​គឺ​ចាំបាច់​នៅ​ពេល​អ្នក​កំពុង​លេង​ហ្គេម។ ផ្អែក​តាម​ការ​តាំង​បង្ហាញ​នេះ សាធារណជន​ខ្លះ​រំពឹង​ថា ស្មាតហ្វូន​កម្លាំង​កប់​ខាង​ហ្គេម​នេះ នឹង​ចាប់ផ្ដើម​ចរាចរ​លើ​ទីផ្សារ​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា​ខាង​មុខ។ វា​មិន​ច្បាស់​នៅ​ឡើយ​ថា តើ​កាលបរិច្ឆេទ​ដាក់​ឲ្យ​បញ្ជា​ទិញ និង​ចេញ​លក់ តើ​ដូច​គ្នា ឬ​ប្រហាក់ប្រហែល​ទៅ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ឬ​ទេ ប៉ុន្តែ​គេ​អាច​រំពឹង​ថា នឹង​មិន​យូរ​នោះ​ទេ៕