LUMIX S1R និង S1 កាមេរ៉ាប្រភេទ Full-Frame Mirrorless ដំបូងបង្អស់របស់ Panasonic មកដល់កម្ពុជា

រាជធានីភ្នំពេញ៖ បន្ទាប់បង្ហាញខ្លួននៅទីផ្សារស្រុកក្រៅបានមួយរយៈ ពេលនេះកាមេរ៉ា LUMIX S1R និង S1 ប្រភេទ Full-Frame Mirrorless ដំបូង​បង្អស់​របស់​ក្រុមហ៊ុន Panasonic បានបង្ហាញខ្លួន​ក្នុង​ទីផ្សារ​កម្ពុជាហើយ នៅរសៀល​ថ្ងៃ​ទី 2 ខែកញ្ញា ឆ្នាំ 2019 នេះ។

លោក Maresuke Nagatoshi ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Panasonic​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​មាន​ប្រសាសន៍​ថា អស់​រយៈពេល 25 ឆ្នាំ​ហើយ ដែល​ Panasonic ​បាន​ណែនាំ​នូវ​បច្ចេកវិទ្យា​សំខាន់ៗ​ប្រកប​ដោយ​​ការច្នៃប្រឌិត​ខ្ពស់ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៅក្នុង​វិស័យ​ឧស្សាហកម្មថតរូប។ នៅ​ឆ្នាំ 2008 ក្រុមហ៊ុន បាន​អភិវឌ្ឍ​យ៉ាងខ្លាំង​លើ​វិស័យថតរូប ដោយបាន​បញ្ចេញ​នូវ​ម៉ា​ស៊ីត​ថតរូប​ឌីជីថល Single Lens Mirrorless មុន​គេ​បង្អស់​គេ​របស់ខ្លួន គឺ LUMIX G1។ ចាប់​ពី​ពេល​នោះ​​មក ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ផលិតផល​ម៉ាស៊ីនថតរូប​របស់ខ្លួន ជាមួយ​មុខងារ​ប្រើប្រាស់ថ្មីៗ​ នាំមក​ដាក់​ក្នុង​ម៉ាស៊ីនថតរូប​ដ៏​តូច។ Panasonic​ បានដឹង​ពី​សារសំខាន់​នៃ​រូបភាព និង​អំណាច​របស់​វា​ដែល​អាច​ផ្លាស់ប្តូរ​សង្គម​បាន រួមជាមួយ​បច្ចេកវិទ្យា​ឌីជីថល​ឈានមុខ​គេ។

លោកបន្តថា បន្ទាប់​ពី​បាន​ប្រកាស​អំពី​ការអភិវឌ្ឍន៍​នៅ​ក្នុង​មជ្ឈមណ្ឌល​ពិព័រណ៍​ Photokina នៅ​សហគមន៍​​អឺរ៉ុប​កាល​ពី​ឆ្នាំ 2018 ពេល​នេះ​ក្រុមហ៊ុន Panasonic​ មាន​កិត្តិយស​សូម​ធ្វើការ​ណែនាំ និង​សម្ពោធ​ជា​ផ្លូវ​ការ​កាមេរ៉ា LUMIX S1R និង S1 ដែល​ជា​កាមេរ៉ា​ឌីជីថល​ Single-Lens Mirrorless ​ដំបូង​បង្អស់​របស់​ Panasonic​ ដែល​បំពាក់​នូវ​សេនស័រ CMOS ទំហំ 35mm ប្រភេទ Full-Frame មកកាន់ប្រទេសកម្ពុជា។ កាមេរ៉ា​ថ្មី​ទាំង 2 នេះ ត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ស្តង់ដារ L-Mount ក្រោម​ការ​​សហការ​រវាង​ក្រុមហ៊ុន Sigma និង Leica។ ស្ដង់ដារ L-Mount បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ប្រើ​ Lens រួមគ្នា​មក​ក្រុមហ៊ុន​ទាំង 3 លើ​កាមេរ៉ា LUMIX S1R និង S1 បាន​ដោយ​គ្មាន​បញ្ហា​។

កាមេរ៉ា LUMIX ស៊េរី S នេះ មាន​សមត្ថភាព​អាច​ផ្ដិត​រូបភាព​មាន​គុណភាព​ខ្ពស់ និង​ផ្ដល់​នូវ​កម្រិត​ពណ៌​ច្បាស់​។ វា​ក៏​មាន​ល្បឿន​ចាប់​រូបភាព​បាន​លឿន ជាមួយ​ប្រព័ន្ធ​ AF System និង​មាន​ម៉ាស៊ីន​ Venus Engine ប្រភេទថ្មី​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចាប់​រូបភាព​បាន​ត្រូវ​ប្លង់​ស្រប​តាម​ចិត្ត​ចង់​បាន​។ កាមេរ៉ា​នេះ ក៏​មាន​មុខងារ​ថត​វីដេអូ​ឈាន​មុខ​គេ​ក្នុង​ឧស្សាហកម្ម​ថតរូប​ កម្រិត 4K (60p / 50p) ព្រមនឹង​មាន​មុខងារ​គ្រប់គ្រង​ឆ្លាតវៃ​ផង​ដែរ​។

ចំពោះ​កាមេរ៉ា LUMIX S1R បាន​ពង្រីក​សមត្ថភាព​ដល់ 47.3 មេហ្គេភិចសែល ប្រភេទ Full-Frame មាន​សេនស័រ CMOS (ទំហំ 36mm x 24mm) មាន ISO 25600 ដែល​ផ្ដល់​កម្រិត​ Resolution ខ្ពស់​បំផុត​នៅក្នុង​ឧស្សាហកម្ម​កាមេរ៉ា​ប្រភេទ Full-Frame Mirrorless។  LUMIX S1R ក៏​មាន​បំពាក់​នូវ High Resolution ជា​មុខងារ​ថ្មី​ដំបូង​គេ​សម្រាប់​កាមេរ៉ា​ប្រភេទ Full-Frame Mirrorless ដែល​អាច​ឲ្យ​យើង​ថតរូប​បាន​ច្បាស់​កម្រិត​ខ្ពស់​បំផុត​ដល់ 187 មេហ្គាភិចស៊ែល។

ដោយ​ឡែក កាមេរ៉ា LUMIX S1 វិញ​មាន​ទំហំ​កាមេរ៉ា​ 24.2 មេហ្គេភិចសែល ប្រភេទ Full-Frame ដូច​គ្នា​ និង​មាន​សេនស័រ CMOS (ទំហំ 35.6mm x 23.8mm) មាន ISO 51200 ដែល​ជួយ​ឲ្យ​រូបភាព​មាន​ពន្លឺ​ចូល​គ្រប់គ្រាន់​ និង​ជួយ​ឲ្យ​សាច់​រូប​ស្អាត​បែប​ធម្មជាតិ​ ហើយ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ច្រើន​ក្នុង​វិស័យ​ថត​វីដេអូ​លក្ខណៈ​អាជីព​​។ វា​មាន​សមត្ថភាព​ថត​វីដេអូ​ដល់ 4K បាន​យ៉ាង​ល្អ​លើ​កម្រិត 60p/50p និង​ផ្ដល់​នូវ​គ្រាប់​ភិចសែល​បាន​ពេញលេញ​ (Full-pixel) លើ​វីដេអូ 4K កម្រិត 30p/25p ដើម្បី​ផ្ដល់​ភាព​ស្រស់​ស្អាត​គ្រប់​ឈុត​ទាំងអស់​នៃ​វីដេអូ​។ លើស​ពី​នេះ​ទៀត LUMIX S1 ក៏​បាន​អនុលោម​តាម​ខ្នាត 4:2:2 10-bit សម្រាប់​ 4K 30p/25 និង 4K 60p/50p ហើយ​ក៏​មាន​រន្ធ​ត​ភ្ជាប់​ HDMI ក៏​ដូច​ជា V-Log ជា​ដើម​។

ប្រព័ន្ធ Contrast AF System កម្រិត​ខ្ពស់​របស់ Panasonic ក៏​បាន​ភ្ជាប់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ DFD ​ដែល​ត្រូវ​បាន​វិវឌ្ឍន៍​ឡើង​តាម​ស្របតាម​ការអភិវឌ្ឍន៍​នៃ​កាមេរ៉ា Mirrorless ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ AF System ​នៃ​កាមេរ៉ា​ LUMIX S1R/S1 ​កាន់តែ​ធ្វើ​ការ​បាន​ពេញ​ទំហឹង​។ LUMIX S1R/S1​ ក៏​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង​ (Image Stabilizer) និង  O.I.S. (Optical Image Stabilizer, 2-axis) ជួយ​ឲ្យ​ការ​កាន់​ថត​ដោយ​ដៃ​អាច​រក្សា​លំនឹង​បាន​ល្អ។

ជាមួយគ្នានេះ ក្រុមហ៊ុន Panasonic ក៏បានដាក់ចេញនូវ Lens ស៊េរីថ្មីចំនួន 3 ដែលអាចប្រើជាមួយកាមេរ៉ាទាំង 2 គឺ LUMIX S PRO 50mm F1.4 (S-X50), LUMIX S PRO 70-200mm F4 O.I.S. (S-R70200) និង LUMIX S 24-105mm F4 MACRO O.I.S. (S-R24105) ​មកជាមួយដែរ៕