ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ភំ្នពេញ៖ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក៏ដូចជាឈានជើងឲ្យទាន់ការវិវឌ្ឍន៍ដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់សុពលភាពលើឯកសារទស្សនទានយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះថា ការវិវឌ្ឍន៍ដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថលបានបង្កើតឡើងនូវកាលានុវត្តភាព ក៏ដូចជាការប្រឈមជាច្រើន ដែលទាមទារឲ្យមានការគិតគូច្បាស់លាស់ លើការប្រព្រឹត្តទៅនៃការងារនានា ដែលពឹងផ្អែកបច្ចេកវិទ្យាជាមធ្យោបាយ ហើយការងារទាំងនេះ ត្រូវបានរំលេចយ៉ាងច្បាស់លាស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។

លោកស្រីបន្តថា ក្រសួងពាណិជ្ជកម្មបានសម្រេចចិត្តធ្វើការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ហើយវាក៏ជាការរៀបចំយុទ្ធសាស្ត្រនេះដែរ ក៏ជាតម្រូវការដ៏សំខាន់ និងឆ្លើយតបទៅនឹងអនុសាសន៍មួយចំនួនទៀត នៅក្នុងឯកសារ និងយុទ្ធសាស្ត្រផ្សេង។

លើសពីនោះ យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន ដែលត្រូវការឯកសារមួយសម្រាប់បញ្ជាក់ជូនអំពីចក្ខុវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យនេះ ដែលវិស័យឯកជនជាចលករមួយយ៉ាងសំខាន់ សំដៅជំរុញដល់ការប្រព្រឹត្តទៅនៃការធ្វើពាណិជ្ជកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។

លោកស្រីបន្ថែមថា ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅវេលានេះ ជាការមួយដ៏ត្រឹមត្រូវ គាប់ជួនជាមួយនឹងការជិតសម្រេចបាននូវច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយសេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានឆ្លងផុតកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភារួចហើយ នឹងត្រូវបញ្ជូនបន្តដើម្បីស្នើសុំការអនុម័តដោយរដ្ឋសភាក្នុងពេលដ៏ខ្លីខាងមុខនេះ៕