
ទោះឆ្នាំនេះ ឆ្នាំ 2019 ក្ដី ប៉ុន្តែ Nokia នៅតែមិនភ្លេចទេទូរស័ព្ទស៊េរីចុចពិលរបស់ខ្លួន ខណៈកាលពីព្រឹត្តិការណ៍ IFA ឆ្នាំ 2019 ម្សិលមិញនេះ ក្រៅពីទូរស័ព្ទ Nokia 6.2 និង Nokia 7.2 ក្រុមហ៊ុន Nokia នៅមានទូរស័ព្ទស៊េរីចុចពិលរាងខ្យូតៗចំនួន 3 ម៉ូឌែលទៀតដែរ សម្រាប់ផ្គាប់ចិត្តអ្នកប្រើប្រាស់ដែលនៅតែត្រូវការប្រភេទទូរស័ព្ទ Cell Phones។ ពួកវាទាំង 3 រួមមាន Nokia 800 Tough ទូរស័ព្ទ Nokia 2720 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ KaiOS ហើយអាចប្រើស៊ឹម 4G LTE និងចុងក្រោយ Nokia 110 ជាទូរស័ព្ទចុចពិលធម្មតា។
ចំពោះ Nokia 800 Tough ផ្ដោតលើភាពរឹងមាំ ដូចនឹងទូរស័ព្ទ Nokia 3310។ ម៉ូឌែលមានរូបរាងរឹងមាំ អាចការពារជម្រាបទឹកកម្រិត IP68 rating និង MIL-STD-810G certified។ វាអាចចូលទឹកបានជម្រៅ 1.5 ម៉ែត្រ រយៈពេលកន្លះម៉ោង។
Nokia 800 Tough មានថ្មី 2,100mAh ដែលអាចបើកទុកចោលបានលើសពីមួយខែ និងនិយាយជាប់រហូតបានដល់ 12 ម៉ោង ហើយមានរន្ធបំពង់សំឡេងឮខ្លាំង។ ក្នុងនោះវាក៏មានភ្លើងពិលពេលយប់ ដែលបញ្ចេញពន្លឺកម្រិត 198 lumens ផងដែរ។ ទូរស័ព្ទនេះ ក៏អាចប្រើ Google Maps ហើយស្គាល់គ្នាជាមួយមុខងារទទួល GPS+GLONASS ហើយក៏មានមុខងារឆ្លាតវៃផ្សេងទៅដែលអាចទាញយកពី KaiOS ដូចជាកម្មវិធី WhatsApp និង Facebook ជាដើម។ ជាពិសេសវាក៏មានប៊ូតុង Google Assistant មកជាមួយផងដែរ។
Nokia 800 Tough អាចដាក់ស៊ឹមបាន 2 និងគាំទ្រការភ្ជាប់បណ្ដាញកម្រិត VoLTE និង VoWiFi ហើយក៏មាន Wi-Fi b/g/n និង Bluetooth 4.1ដែរ។ Nokia 800 Tough នឹងមានលក់នៅខែតុលា ជាមួយតម្លៃប្រមាណ €110។
ចំពោះទូរស័ព្ទ Nokia 2720 Flip ជាទូរស័ព្ទប្រភេទបត់បានដែលវាមានរាងប្លែក និងស្រស់ស្អាតខ្លាំងណាស់។ បើសម្រាប់ទទួលការហៅចូល និងបិទវិញ ដើម្បីផ្ដាច់ការហៅចូល។ Nokia 2720 Flip បាននាំយកគំរូចាស់ ប៉ុន្តែផ្លាស់នូវការរចនាថ្មីដ៏គួរឲ្យទាក់ទាញ់បំផុត។ វាក៏ដំណើរការដោយប្រព័ន្ធ KaiOS ដូច Nokia 800 Tough
និងអេក្រង់ពីរផ្សេងគ្នា ដោយមួយមានទំហំ 2.8 អ៊ីញ ប្រភេទ QVGA ផ្នែកខាងក្នុង និងខាងក្រៅមានទំហំ 1.3 អ៊ីញអាចបង្ហាញដំណឹង និងសារផ្សេង។
ទូរស័ព្ទនេះ ក៏ប្រើកម្មវិធី WhatsApp និង Facebook បានធម្មតា ដែលអ្នកអាចធ្វើការឆ្លងឆ្លើយសារ បានយ៉ាងងាយជាមួយប៊ូតុងចុចធំៗ ក្នុងនោះ វាក៏មានកម្មវិធី Google Maps (GPS+GLONASS receiver) និងអាចដំឡើងកម្មវិធីជាច្រើនទៀតចេញពី Kai app store។
Nokia 2720 Flip គាំទ្រប្រព័ន្ធ LTE (ល្បឿន 150/50Mbps) និងអាចចែករំលែកអ៊ីនធើណែត ទៅអ្នកផ្សេងតាមរយៈ Wi-Fi hotspot ហើយក៏អាចភ្ជាប់ប្រើ Wi-Fi វិញបានដែរ។ សម្រាប់ម៉ូឌែលនេះ វាអាចប្រើបានស៊ឹម 2 និងមានកាមេរ៉ាក្រោយ 2MP បន្ថែមជាមួយភ្លើង LED Flash ហើយមានទំហំផ្ទុក 4GB អាចដាក់បន្ថែមជាមួយនឹង microSD card បាន។ ម៉ូឌែលនេះ នឹងត្រូវក្រុមហ៊ុនដាក់ចេញនៅខែកញ្ញា នេះក្នុងតម្លៃប្រមាណ €90 លើពណ៌ខ្មៅ និងប្រផេះ។
ដោយឡែកចុងក្រោយគេ គឺ Nokia 110 ដែលវាជាទូរស័ព្ទចុចពិលធម្មតា មានតម្លៃប្រមាណ $20 ហើយអាចចេញលក់នៅពាក់កណ្ដាលខែកញ្ញា នេះ។ ចំពោះម៉ូឌែលនេះ យើងអាចបន្ថែម microSD card បានដល់ 32GB ហើយមានថ្មកាន់ 27 ម៉ោង ព្រមនឹងមានកម្មវិធីវិទ្យុ FM ហ្គេមពស់ Snake មកជាមួយផងដែរ៕