ក្រុមហ៊ុនផលិតផលទូរទស្សន៍ TCL ប្រកាសចេញស្មាតហ្វូនជាលើកដំបូងជាមួយតម្លៃខ្ទង់ 363 ដុល្លារ

បន្ទាប់ពីមានព័ត៌មានបែកធ្លាយថាក្រុនហ៊ុនផលិតផលទូរទស្សន៍ TCL ត្រៀមផលិតផលស្មាតហ្វូន ដើម្បី​ប្រកួត​ប្រជែង​ជាមួយគេ ពេលនេះដំណឹងនេះ បានក្លាយជាការពិតហើយ ដោយទូរស័ព្ទដំបូងត្រូវបានដាក់ចេញមាន​ឈ្មោះថា Plex ហើយមានតម្លៃប្រមាណ 363​ ដុល្លា​រ​។

Plex ជាស្មាតហ្វូនផ្ដោតលើ កម្រិតបង្ហាញ និងកាមេរ៉ា ដោយក្រុមហ៊ុននេះ បានបំពាក់កាណុង កាមេ​រ៉ា​ ក្រោយ​ដល់ 3 គ្រាប់ ដោយ Lens គោលមានទំហំ 48MP ជាមួយលេនទូលាយ 16MP និងចុងក្រោយជា Lens ជំនួយ នៅក្នុងស្ថានភាពខ្សោយពន្លឺទំហំ 2MP។ ស្មាតហ្វូននេះ ប្រើនូវអេក្រង់ 6.53 អ៊ីញ ប្រភេទ LCD ដែល​មាន​កម្រិត​បង្ហាញ Full HD+ និងមានប្រជ្រុយមួយសម្រាប់ដាក់កាមេរ៉ាមុខទំហំ 24MP នៅផ្នែកខាងលើ។

ចំពោះកម្លាំងម៉ាស៊ីន វាបានបំពាក់ជាមួយឈីប Snapdragon 675 ដែលមានរ៉េម 6GB និងអង្គផ្ទុក 128GB ហើយអាចបន្ថែមអង្គផ្ទុកបានដល់ 256GB ទៀតផង។ Plex មានថាមពលថ្មទំហំ 3,820mAh និងនៅតែមាន រន្ធដោតកាស 3.5mm ហើយមានប្រើបច្ចេវិទ្យា Bluetooth 5.0 ដែល TCL បានហៅវាថា Super Bluetooth ព្រោះវាអាចភ្ជាប់ទៅកាន់ Speaker ឬមួយក៏កាសឥតខ្សែ បាន 4 ក្នុងពេលដំណាលគ្នា។

សូមជម្រាបថា៖ TCL ជាក្រុមហ៊ុនផលិតទូរទស្សន៍ដ៏ធំរបស់ចិន និងមានល្បីល្បាញទូទាំងពិភពលោក ហើយក៏ជាម្ចាស់របស់ក្រុមហ៊ុនទូរស័ព្ទ BlackBerry និង Alcatel ផងដែរ៕