
បរទេស៖ ក្រុមហ៊ុន Huawei នឹងដាក់ចេញស្មាតហ្វូនស៊េរីថ្មីនៅពាក់កណ្ដាលខែនេះដោយគ្មានវត្តមានកម្មវិធី និងសេវាកម្មរបស់ក្រុមហ៊ុន Google បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចចិត្ត ធ្វើការហាមក្រុមហ៊ុនរបស់ក្នុងប្រទេសខ្លួនឲ្យឈប់រកស៊ីជាមួយ ហើយដាក់ក្រុមហ៊ុនចិននេះទៅក្នុងបញ្ជីខ្មៅ។
តាមការចុះផ្សាយពីវេបសាយ Nikkei Asian Review បញ្ជាក់ថា Huawei នឹងសម្ពោធចេញស្មាតហ្វូន Mate 30/Mate 30 Pro ឬ Mate X នៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2019 ដោយគ្មានកម្មវិធី និងសេវាកម្មរបស់ក្រុមហ៊ុន Google។ ដំណឹងនេះមានន័យថា គ្មានឡើយ Google Play Store ឬកម្មវិធីតំឡើងមុន ដូចជា Chrome, Gmail, YouTube និង Maps ជាដើម។
សហរដ្ឋអាមេរិក មិនបានបង្ហាញសញ្ញាណាមួយស្ដីពីការបន្ទន់ជំហររបស់ខ្លួន ចំពោះក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំ របស់ចិននេះនោះទេ។ លោកប្រធានាធិបតី ដូណាល់ត្រាំ បានបញ្ជាក់ជាថ្មី នៅថ្ងៃពុធ ទី 04 ខែកញ្ញា នេះថា ក្រុមហ៊ុន Huawei នៅតែជាក្តីបារម្ភចំពោះសន្តិសុខជាតិអាមេរិក។
លោកមានប្រសាសន៍ថា“ យើងនឹងមិនធ្វើជំនួញជាមួយក្រុមហ៊ុន Huawei ទេ។ វានឹងបញ្ឈប់ស្ទើរតែទាំងស្រុងក្នុងរយៈពេលដ៏ខ្លី” ។ ក្នុងនោះ លោក ដូណាល់ត្រាំ ក៏មិនមានគម្រោងលើកពិភាក្សាអំពីការដាក់ទណ្ឌកម្មនេះ ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិន ដែលរំពឹងថានឹងចាប់ផ្តើមឡើងវិញនៅខែតុលាដែរ។
យ៉ាងណាមិញ Huawei ក៏បានត្រៀមខ្លួនសម្រាប់ការបាត់បង់នេះរួចហើយ ដោយមានព័ត៌មានខ្លះនិយាយថា ក្រុមហ៊ុនចិននេះ នឹងប្រើ OS ថ្មីរបស់ខ្លួនសម្រាប់ស្មាតហ្វូនក្រោយ។ ក្នុងអ្នកវិភាគមួយចំនួនលើកឡើងថា វាអាចទៅរួច ប៉ុន្តែវាក៏ពិបាកក្នុងវាយលុកទីផ្សារក្រៅស្រុកផង ប្រសិនបើរឿងនោះកើតឡើងមែន។
ក្រុមអ្នកវិភាគកំពុងប៉ាន់ស្មានថា បើរឿងកើតឡើងមែន នឹងធ្វើឲ្យជះឥទ្ធិពលដល់ការចេញលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដោយការលក់នៅក្រៅប្រទេសចិនអាចធ្លាក់ចុះ ៣០% ឬច្រើនជាងនេះ។ យ៉ាងណាមិញ យើងមិនទាន់អាចបញ្ជាក់ 100% ទេ លុះត្រាស្មាតហ្វូនស៊េរី Mate 30 ចេញមកសិន ទើបដឹងច្បាស់៕