
ទីបំផុត iPhone ស៊េរីថ្មីត្រូវបានក្រុមហ៊ុន Apple ធ្វើការបង្ហាញហើយកាលពីយប់មិញ ដោយមាន 3 ស៊េរី ដូចជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ផ្ដល់ជម្រើសច្រើនដល់អ្នកប្រើប្រាស់ ជាមួយនឹងការបំពាក់កាមេរ៉ាបែបមុំចង្ក្រាន។
ទូរស័ព្ទ iPhone 11 Series មានរាង និងលក្ខណៈស្ទើដូចគ្នាទៅនឹងជំនាន់ពីមុន ពិសេសផ្ទៃអេក្រង់លាតពេញ បែបថ្ងាសឆកដដែល ប៉ុន្ដែផ្នែកកាមេរ៉ាខាងក្រោយ មានការផ្លាស់ប្ដូរច្រើន ទាំងរូបរាងរបស់វា និងបានបន្ថែមកាមេរ៉ា រហូតដល់ទៅ 3 គ្រាប់តែម្ដង។
សម្រាប់ស៊េរីឆ្នាំនេះ iPhone 11 Pro មានអេក្រង់ទំហំ 5.8 អ៊ីញ ជាប្រភេទ OLED អាចបង្ហាញរូបភាព នៅក្នុងកម្រិត 2436 x 1125 ភិចសែល និងមានដង់ស៊ីតេ 458ppi ចំណែកម៉ូឌែល iPhone 11 Pro Max វិញនោះ គឺមានទំហំធំជាងដល់ទៅ 6.5 អ៊ីញ ជាប្រភេទ OLED ដែលអាចបង្ហាញរូបភាព ក្នុងកម្រិត 2688 x 1242 ភិចសែល និងមានដង់ស៊ីតេ 458ppi ហើយវាទាំង 2 ក៏ Support ជាមួយ HDR10 ផងដែរ។ យើងក៏ឃើញមានជម្រើសពណ៌ចំនួន 4 ដែលរួមមានដូចជា ពណ៌មាស, ទឹកប្រាក់, ខ្មៅ និងបន្ថែមមួយទៀត ពណ៌បៃតងងឹត។
ចូលមកដល់កាមេរ៉ា ជាចំណុចសំខាន់បំផុតធ្វើឲ្យអ្នកប្រើប្រាស់ភាគច្រើនចំណាប់អារម្មណ៍ខ្លាំង ពិសេស មេរ៉ាខាងមុខលើ iPhone 11 Pro និង iPhone 11 Pro Max ទំហំ 12MP ខណៈលើ iPhone XS មានទំហំ 7MP ដែលអាចថតវីដេអូកម្រិត 4K 60FPS ក្នុងថ្ងាសឆកដដែល។ ចំណែកឯកាមេរ៉ាខាងក្រោយ នៅតែរក្សាទំហំ 12MP ទាំង 3 គ្រាប់ ដោយកាមេរ៉ាដើមមានទំហំ 12MP កម្រិត Aperture f/1.8 (OIS) + លេនប្រភេទ Telephoto ទំហំ 12MP កម្រិត Aperture f/2.0 (OIS + 2x Optical Zoom) + លេនប្រភេទ Wide-Angle ទំហំ 12MP កម្រិត Aperture f/2.4 (120 ដឺក្រេ) ផងដែរ។
ចំពោះកម្លាំងម៉ាស៊ីន iPhone 11 Pro និង iPhone 11 Pro Max បំពាក់នូវកម្លាំងម៉ាស៊ីនខ្លាំងជាងមុន ដោយភ្ជាប់មកជាមួយ បន្ទះឈីប A13 Bionic 7nm ជំនាន់ចុងក្រោយ និងមាន CPU ចំនួន 6 Cores និង GPU ចំនួន 4 Cores ហើយ ដែល Apple អះអាងថានឹងជួយបន្ថែមល្បឿនឲ្យលឿនជាងមុន 20% ហើយវាមានទំហំផ្ទុក 64GB, 256GB ដល់ 512GB ដូចស៊េរីឆ្នាំចាស់ដែរ។
ដោយឡែកថាមពលថ្ម iPhone 11 Pro មានទំហំ Li-Ion 3190 និង iPhone 11 Pro Max មានទំហំ Li-Ion 3500 mAh និង iPhone 11 មានទំហំ Li-Ion 3110 mAh។ iPhone 11 Pro នឹងអាចកាន់ថ្មបានយូរជាង iPhone XS ដល់ទៅ 4 ម៉ោង ហើយសម្រាប់ម៉ូឌែល iPhone 11 Pro Max អាចកាន់ថ្មបានយូរជាង iPhone XS Max ដល់ទៅ 5 ម៉ោងឯណោះ។ លើសពីនេះទៅទៀត iPhone ស៊េរីថ្មីៗទាំង 2 គាំទ្រទៅនឹង បច្ចេកវិទ្យាសាកថ្មលឿន 18W ក្នុងប្រអប់ ដែលមានល្បឿនលឿនជាង 15W នៅលើជំនាន់ពីមុនៗមក ហើយលើកនេះ ជាខ្សែប្រភេទ Type-C ទៅ Lightning ព្រមទាំងភ្ជាប់មកជាមួយ បច្ចេកវិទ្យាសាកថ្មឥតខ្សែ។