
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Motorola បានធ្វើឲ្យពិភពស្មាតហ្វូនមានការភ្ញាក់ផ្អើល បន្ទាប់ពីក្រុមហ៊ុនល្បីមិនដែលចេះចម្លងម៉ូតមួយនេះ ធ្វើការផ្លាស់ប្ដូរគំនិតបង្កើតទូរស័ព្ទ P30 យកគំរូតាម iPhone X ស្ទើរតែទាំងស្រុង រហូតទទួលបានរហស្សនាមថាកំពូលអ្នកចម្លងម៉ូតប្រចាំឆ្នាំបន្ទាប់ក្រុមហ៊ុន Xiaomi។
ទូរស័ព្ទ Moto P30 រូបរាងរបស់ Moto P30 គឺចម្លងពី iPhone X ដែលភាសាបរទេសហៅថា Copycat ហើយនេះ គឺជាលើកដំបូងបំផុត ដែលទូរស័ព្ទ Motorola បាត់បង់រចនាបថ និងអត្ដសញ្ញាណរបស់ខ្លួនទាំងស្រុងតែម្ដង ដែលកាលពីមុនមិនធ្លាប់មាននោះទេ ព្រោះយើងធ្លាប់តែឃើញទូរស័ព្ទ Moto ដែលមានរូបរាងមូលៗ ប្លែកពីគេ។
Moto P30 បំពាក់នូវឈីប Qualcomm Snapdragon 636 និងមាន RAM 6GB អមដោយអង្គចងចាំពីរជម្រើស 64GB និង 128GB និងអាចបន្ថែម microSD បានផងដែរ។
Motorola P30 នេះ មានអេក្រង់ 6,2 អ៊ីញកម្រិត FHD+ នៅ 2246x1080px ជាមួយសមាមាត្រ 19:9 aspect ratio ហើយបំពាក់ដោយប្រព័ន្ធកាមេរ៉ាសមត្ថភាពខ្លាំងទាំងកាមេរ៉ាមុខ និងក្រោយ។ កាមេរ៉ាក្រោយភ្លោះទំហំ 16MP និង 5MP សម្រាប់ថតវីដេអូ និងរូបថត រីឯកាមេរ៉ាមុខវិញទំហំ 12MP សម្រាប់ selfie ហើយមានកម្លាំងថ្ម 3000mAh និងទម្ងន់ ១៧០ក្រាម។ P30 នឹងមានលក់នៅលើទីផ្សារចិនចាប់ពីថ្ងៃទី 15 ខែកញ្ញាខាងមុខ ក្នុងតម្លៃចាប់ពី 2099 យន់ ឬប្រហែល 303 ដុល្លារអាមេរិក (គិតតាមអត្រាប្ដូរប្រាក់បច្ចុប្បន្ន)៕