
ក្រោយបើកសម្ពោធទូរស័ព្ទ Galaxy Note 9 បានជាងមួយសប្ដាហ៍ ថ្មីៗនេះ មានព័ត៌មានមួយចំនួនបានបង្ហាញថា ក្រុមហ៊ុន Samsung បានត្រៀមលក្ខណៈបង្អួតពីបច្ចេកវិទ្យាស្មាតហ្វូនបត់ដំបូងរបស់ខ្លួន នៅរយៈពេលមិនយូរទៀតនោះទេ ពោលអាចនឹងបង្ហាញក្នុងពិព័រណ៍អេឡិចត្រូនិក CES 2019 ខែមករាឆ្នាំក្រោយ។
តាមការឲ្យដឹងពីគេហទំព័រ NieuweMobiel បានបង្ហាញរូបគំរូ render នៃស្មាតហ្វូនបត់នេះដ៏គួរឱ្យចាប់អារម្មណ៍។ ទូរស័ព្ទនេះគឺសំដៅឈ្មោះ Galaxy X ប៉ុន្តែក៏អាចទៅរួចជាមួយឈ្មោះ Galaxy F ផងដែរ នៅពេលវាបង្ហាញខ្លួនផ្លូវការ ព្រោះ ‘F’ តំណាង ‘Foldable’ ហើយអក្សរ ‘X’ គ្រាន់តែត្រូវបានប្រើសម្រាប់ការទាញចំណាប់អារម្មណ៍ម៉ាកយីហោជាងប៉ុណ្ណោះ ឧទាហរណ៍ដូចជា iPhone X, Oppo Find X ជាដើម។ បើមើលលើរូប render នេះ បង្ហាញឱ្យឃើញទូរស័ព្ទគ្រប់ជ្រុង ទាំងក្នុងទម្រង់បត់ និងទម្រង់រលា ព្រមទាំងទម្រង់បត់ ៩០ដឺក្រេ។ ដូចយើងបានឃើញតាមរយៈរូប render ខាងលើ ទូរស័ព្ទនេះមាន fingerprint នៅខ្នងទូរស័ព្ទ ហើយអាចទៅរួចដែល Samsung មានបំណងបង្កប់ទៅក្រោមអេក្រង់។ ចំណែកកាមេរ៉ាអាចមានដល់ទៅ៤គ្រាប់ មុខ២ ក្រោយ។
បើតាមចចាមអារ៉ាមមុនៗលើកឡើងថា Galaxy F នឹងមានអេក្រង់ ៧អ៊ីញនៅពេលអេក្រង់របស់វារលារាបស្មើ ១៨០ដឹក្រេ ជាមួយសមាមាត្រ 21:9 aspect ratio និងអាចមាន resolution ទំហំ 1440x3360px។ ថ្មរបស់វាចន្លោះពី 3000mAh ទៅ 6000mAh ហើយនឹងមានលក់លើទីផ្សារតម្លៃប្រហែល ១៨៥០ដុល្លារ៕