
ចម្ងល់ស្ដីពីរូប iPhone 11 ត្រូវបានស្រាយ ក្រោយ Apple ប្រកាសសម្ពោធកាលពីថ្ងៃទី 10 ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ទេថា ទូរស័ព្ទទាំង 3 មាន RAM ទំហំប៉ុន្មាន GB? ហើយម្សិលមិញនេះ កម្មវិធី AnTuTU បានបញ្ជាក់យ៉ាងច្បាស់ iPhone ថ្មីត្រូវបានបំពាក់ RAM តែ 4GB ប៉ុណ្ណោះ ប៉ុន្តែបើពិនិត្យលើពិន្ទុសរុបវិញទទួលបានជាង 450,000 ឯណោះ។
តាមការចុះផ្សាយលើវេបសាយ Gadgets សរសេរថា iPhone ជំនាន់ថ្មីទាំង 3 របស់ Apple ត្រូវបានបំពាក់មកជាមួយ RAM ទំហំ 4GB ដូចគ្នាទាំងអស់។ នេះបើតាមរូបភាពដែលយើងមើលឃើញលើរូប Screenshot ពីកម្មវិធី AnTuTu benchmark។ រូបភាពនោះក៏បង្ហាញដែលថា iPhone ទាំងនេះ ប្រើនូវបន្ទះឈីប A13 Bionic ដោយវាទទួលបានពិន្ទុសរុបនៅក្នុង AnTuTu ចំនួន 450,000 ទៅ 460,000 ជាង អាស្រ័យទៅតាម iPhone ស៊េរីនីមួយៗ។
សម្រាប់បន្ទះឈីប A13 Bionic មានល្បឿន CPU លឿនជាងមុនដល់ទៅ 20% និង ល្បឿន GPU លឿនជាងមុនរហូតដល់ទៅ 40% ហើយប្រើប្រាស់ថាមពលតិចជាងមុន នេះបើតាមការបញ្ជាក់ប្រាប់របស់ Apple កាលពីថ្ងៃសម្ពោធ៕