
កាលពីថ្ងៃសម្ពោធទូរស័ព្ទ iPhone 11 ទាំង 3 ក្រុមហ៊ុន Apple បានបញ្ជាក់ហើយ ឆ្នាំនេះផលិតផលរបស់ខ្លួនមានល្បឿនដំណើរការកាន់តែលឿនជាមួយនឹងការបំពាក់បន្ទះឈីបថ្មី A13 Bionic ធ្វើឲ្យ CPU ដែលដំណើរការ 2 Cores មានល្បឿនលឿនជាងមុន 20%។
សម្រាប់បន្ទះឈីប A13 Bionic បង្កើតឡើងផ្អែកគំរូនៃ ARM មានទំហំ 7nm ជំនាន់ទី 2 មាន Transistors ចំនួន 8.5 ពាន់លាន ហើយមាន Cores សរុបចំនួន 18 Cores ក្នុងនោះរួមមានដូចជា CPU ចំនួន 6 Cores ដោយ 2 Cores ដែលមានឈ្មោះថា Lightning (មានល្បឿនលឿនជាងមុន 20% និងប្រើប្រាស់ថាមពលតិចជាងមុន 30%) ប្រើប្រាស់សម្រាប់ការងារធ្ងន់ និង 4 Cores ដែលមានឈ្មោះថា Thunder (មានល្បឿនលឿនជាងមុន 20% និងប្រើប្រាស់ ថាមពលតិចជាងមុន 40%) ប្រើប្រាស់សម្រាប់ការងារទូទៅ, GPU ចំនួន 4 Cores (ដែលមានល្បឿនលឿនជាងមុន 20% និងប្រើប្រាស់ថាមពលតិចជាងមុន 15% ) ប្រើប្រាស់សម្រាប់ជំនួយទៅដល់ការលេងហ្គេមក្រាហ្វិកធំៗ និង Neural Engine ចំនួន 8 Cores ប្រើប្រាស់សម្រាប់ជំនួយទៅដល់មុខងារដែល ត្រូវការប្រើប្រាស់បច្ចេកវិទ្យា AI ដូចជា Deep Fusion, Face ID, Siri, និង កម្មវិធី AR ជាដើម ហើយវាក៏ប្រើប្រាស់សម្រាប់ជំនួយទៅដល់សមត្ថភាព កាមេរ៉ារបស់ iPhone ជំនាន់ថ្មីនេះ ផងដែរ។
បន្ទះឈីប A13 ក៏បានភ្ជាប់មកជាមួយ Machine Learning ថ្មីចំនួន 2 ទៀត ដែលអាចជួយឲ្យ ដំណើរការគណនារបស់ iPhone ជំនាន់ថ្មី មានល្បឿនលឿនជាងមុនរហូតដល់ទៅ 6 ដងឯណោះ។ នេះមានន័យថា បន្ទះឈីប A13 Bionic មានល្បឿន CPU លឿនជាងមុនដល់ទៅ 20% និង ល្បឿន GPU លឿនជាងមុនរហូតដល់ទៅ 40% ឯណោះ ហើយវាក៏ប្រើប្រាស់ថាមពលតិចជាងមុនច្រើនទៀតផង នេះបើប្រៀបធៀបជាមួយបន្ទះឈីប A12 Bionic។
គួរបញ្ជាក់ផងថា A13 Bionic មានល្បឿន CPU និង GPU ដែលលឿនជាងគេបំផុត បើប្រៀបធៀបនឹង ល្បឿន CPU និង GPU ដែលបានបំពាក់នៅក្នុង បន្ទះឈីបកំពូលៗ ក្នុងពេលបច្ចុប្បន្ន នេះបើយោងទៅតាមការអះអាងរបស់ Apple៕