
ឆ្នាំនេះ ហាក់ប្លែកពីឆ្នាំមុនៗ ក្រុមហ៊ុន Apple ព្យាយាមបញ្ចេញព័ត៌មាន និងវិដេអូជាច្រើនអួតពីសមត្ថភាពកាមេរ៉ារបស់ iPhone 11 របស់ខ្លួន ហើយថ្មីៗនេះ ក្រុមហ៊ុនអាមេរិកនេះ បានបញ្ចេញវីដេអូ 4K ដែលថត និងកាត់ត ដោយលើម៉ាស៊ីន iPhone 11 Pro សុទ្ធ ហើយត្រូវបានថតដោយលោក Diego Contreras អ្នកដឹកនាំការថតភាពយន្តមួយរូប។
សម្រាប់ឆ្នាំនេះ Apple បានផ្នោតខ្លាំងលើសមត្ថភាពកាមេរ៉ា ដោយនៅលើ iPhone 11 Pro និង iPhone 11 Pro Max ផ្នែក មុខ មានចំនួនមួយគ្រាប់ ដែលមានសេនស័រ ទំហំ 12MP កម្រិត Aperture f/2.2 ដែលអាចគាំទ្រការថតវីដេអូក្នុងកម្រិត 4K (Extended Dynamic Range) ក្នុងល្បឿន 30fps និង 4K 60fps។ លើសពីនេះទៅទៀតវាក៏អាចធ្វើការថត Slo-mo selfies បានថែមទៀតផង។
ដោយឡែកមេរ៉ាខាងក្រោយ បំពាក់មកជាមួយកាមេរ៉ាចំនួន 3 គ្រាប់ មួយជា Lens គោលមានសេនស័រ ទំហំ 12MP កម្រិត Aperture f/1.8 (OIS), មួយគ្រាប់ជា Lens ប្រភេទ Telephoto ដែលមានទំហំ 12MP កម្រិត Aperture f/2.0 (OIS + 2x Optical Zoom) និងមួយគ្រាប់ចុងក្រោយគឺជា លេនទូលាយ (Wide-Angle) ដែលមានទំហំ 12MP កម្រិត Aperture f/2.4 (120 ដឺក្រេ)។
កាន់តែពិសេស កាមេរ៉ាក្រោយរបស់ iPhone 11 Pro និង iPhone 11 Pro Max មានសមត្ថភាពអាចធ្វើការថត វីដេអូ ក្នុងកម្រិត 4K (Extended Dynamic Range) ក្នុងល្បឿន 60fps ហើយក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Smart HDR ជំនាន់ថ្មី, Audio Zoom, Deep Fusion និង Night Mode ដែលអាចជួយឲ្យការថតរូបនៅក្នុងប្លង់ពេលយប់ ទទួលបានគុណភាពរូបភាពល្អ និងមានពន្លឺ គ្រប់គ្រាន់ ថែមទៀតផង។ ចំពោះមុខងារ Night Mode នេះមានតែនៅលើ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max ហើយវាជាមុខងារដ៏ថ្មីស្រឡាងមួយដែលមិនធ្លាប់មាននៅលើ iPhone ជំនាន់មុនៗនោះទេ៕