បែកធ្លាយព័ត៌មាន ថា Sony ស្លាប់ក៏មិនចូលចូលបក្សឆក

បន្ទាប់​បញ្ចេញ​ស្មា​ត​ហ្វូ​ន XZ2 Premium អេក្រង់ 4K HDR កាលពី​ខែមេសា ជាមួយនឹង​រូបរាង​ប្លែក​ខុសពី​ម៉ូ​ឌែ​ល​មុន ពេល​បែកធ្លាយ​ព័ត៌មាន​ថ្មី​មួយ​ថា ក្រុមហ៊ុន​នឹង​បញ្ចេញ​ម៉ូ​ឌែ​ល​ថ្មី​មាន​សមត្ថ​ភាពខ្លាំង ប៉ុន្តែ​នៅ​រក្សា​រាង​ដដែល ដោយ​មិន​ព្រម​ចូលបក្ស​ឆក​ដូច​គេឯង​ឡើង។

សម្រាប់​ព័ត៌មាន​នេះ​បង្ហាញថា ក្រុមហ៊ុន​នឹងធ្វើ​ការបញ្ចេញ Xperia XZ3 មិន​ឲ្យ​ផុត​ឆ្នាំ ២០១៨ នេះ​ទេ។

សម្រាប់​ព័ត៌មាន​លេច​ធ្លាយ​ដំបូង​របស់ XZ3 នេះ​គឺ​កាមេរ៉ា! ជាការ​ពិតណាស់ ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន កំពុង​ប្រជែង​គ្នា​ខ្លាំង ទៅលើ​ផ្នែក​អេក្រង់ ហើយ​ក្រុមហ៊ុន Sony ក៏​ចាប់ផ្ដើម​ប្រឡូក​ចូល ក្នុង​ទីផ្សារ​កាមេរ៉ា​ភ្លោះ​នឹង​គេ​ដែរ ហើយ​នៅលើ XZ2 Premium ថ្មីៗនេះ ថែមទាំង​មាន​សមត្ថភាព ខ្លាំង​ផងដែរ។

រូបតំណាង

ចំពោះ​ព័ត៌មាន​លេច​ធ្លាយ​របស់ XZ3 បាន​បង្ហាញថា វា​គឺជា​ស្មា​ត​ហ្វូ​ន លំដាប់​កំពូល ដែល​ខ្ចី​ផ្នែក​មួយចំនួន​ពី XZ2 និង XZ2 Premium ដោយសារតែ​រូបរាង ខាងក្រៅ​របស់​វា ស្រដៀង​នឹង XZ2 Premium ប៉ុន្ដែ​បំពាក់​អេក្រង់ ដូចនឹង XZ2 វិញ។ ជាក់ស្ដែង​ការបង្ហាញ អំពី​កាមេរ៉ា​របស់ XZ3 គឺ​ដូច​ទៅនឹង XZ2 Premium ស្ទើរ​ទាំងស្រុង​តែម្ដង ដោយ​វា​ប្រើប្រាស់ កាមេរ៉ា Motion Eye បំពាក់​កាមេរ៉ា ២ គ្រាប់​នៅ​ផ្នែក​ខាងក្រោយ កាមេរ៉ា​គោល​គឺ ប្រើ​ស៊េ​ន​ស័​រ​ទំហំ ១៩ មេ​ហ្គា​ភិ​ច​ស៊ែ​ល Aperture f/1.8 ប្រើ​លេន​ប្រវែង ២៥ មី​លី​ម៉ែត្រ តម្លើង​កម្រិត ISO ដល់​ទៅ 12,800 សម្រាប់​ការថត​វី​ឌី​អូ និង 51,200 ឯណោះ សម្រាប់​ការថត​រូបភាព និង​មួយ​គ្រាប់​ទៀត​ទំហំ ១២ មេ​ហ្គា​ភិ​ច​ស៊ែ​ល Aperture f/1.6 ដែល​សម្រាប់ Aperture ទាំងពីរ​នេះ និង​កម្រិត ISO របស់​វា ក្រុមហ៊ុន​បាន​អះអាង រួចមកហើយ​នៅលើ XZ2 Premium ថា វា​ថត​បាន​ភ្លឺ​ជាង​ការមើលឃើញ របស់​ភ្នែក​មនុស្ស​យើង ទៅទៀត។ លើសពីនេះ កាមេរ៉ា​ទាំង ២ គ្រាប់ ក៏បាន​ភ្ជាប់​នូវ​មុខងារ ថត​ព្រាល Bokeh ដែលជា​មុខងារ ដ៏​ស្វាគមន៍​របស់ Xperia និង​អាច​ថត​វី​ឌី​អូ​ធំ​បំផុត ដល់​កម្រិត 4K បែប​វី​ឌី​អូ HDR ថែមទាំង​មានមុខ​ងារ ទប់​លំនឹង EIS និង 5-axis OIS បាន​យ៉ាង​ប្រសើរ ប្រើប្រាស់​ប្រព័ន្ធ ស្រូប​សម្លេង ២៤ ប៊ីត ហើយក៏​អាច​ថត​វី​ឌី​អូ slo-mo ល្បឿន ៩៦០ ហ្វ្រេ​ម​ក្នុង​កម្រិត Full HD ផងដែរ។

រូបតំណាង

ចំណែកឯ​ផ្នែក​អេក្រង់ គឺ​វា​អាច​នឹងមាន​អេក្រង់​ទំហំ ៥.៧ អ៊ី​ញ​ខ្នាត 18:9 Ratio ជាមួយ​កម្រិត​បង្ហាញ Full HD+ (1080 x 2160 ភិ​ច​ស៊ែ​ល) ហើយ​ក៏មាន​កម្លាំង​ម៉ាស៊ីន ស្ថិតនៅ​លំដាប់​កំពូល ផងដែរ ជាមួយ​ការបំពាក់​ឈី​ប Snapdragon 845 ស៊ី​ភី​យូ ៨ គ្រាប់, អង្គ​ក្រា​ហ្វិ​ច Adreno 630, រ៉េ​ម ៦ ជីកា​បៃ, អង្គ​ផ្ទុក​ទិន្នន័យ ៦៤ ឬ ១២៨ ជីកា​បៃ អាច​បន្ថែម microSD បាន​ដល់ ៤០០ ជីកា​បៃ, មាន​ទំហំ​ថ្ម ៣,២៤០ មី​លី​អំពែ និង​ដំណើរការ​ដោយ Android 8.1 ផងដែរ៕