
ដូចការគ្រោងទុកក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានប្រកាសសម្ពោធជាផ្លូវការស្មាតហ្វូន Huawei Mate 30 ស៊េរីទាំង 3 ម៉ូឌែល Mate 30 ទូរស័ព្ទ Mate 30 Pro និង Mate 30 RS Porsche Design ហើយកាលពីថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2019 ជាមួយនឹងសមត្ថភាពខ្លាំងកប់គ្មានចន្លោះ ចាប់តាំងពីរូបរាង ថាមពលថ្ម សមត្ថភាពដំណើរការ ល្បឿនអីុនធើណេត និងកាមេរ៉ា ប៉ុន្តែវាបានធ្វើឲ្យអ្នកប្រើប្រាស់ពិបាកក្នុងសម្រេចចិត្តទិញ ខណៈវាមិនមានប្រើនូវសេវាកម្មសំខាន់ៗរបស់ Google នោះទេ។
ថ្វីបើទូរស័ព្ទ Mate 30 របស់ Huawei ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 (open source) ក៏ពិតមែន ប៉ុន្តែស្មាតហ្វូននេះពុំមែនជាស្មាតហ្វូនដែលត្រូវទទួលស្គាល់ពី Google ឡើយ ដោយគ្រប់សេវាកម្ម រាប់បញ្ចូលទាំង Gmail ,YouTube, Chrome , Play Store និងសេវាកម្មសំខាន់ៗទៀត ដែលផ្តល់ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក មិនត្រូវបានដាក់បញ្ចូលឡើយ។ ចំណុចនេះ មានន័យថា ទូរស័ព្ទ Mate 30 របស់ Huawei នឹងត្រូវប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់ HMS (Huawei Mobile Services) ដែលវាប្រៀបដូចនឹងស្មាតហ្វូនដែលគេលក់សម្រាប់តែទីផ្សារចិនដូច្នោះដែរ។
ប្រធានផ្នែកអាជីវកម្មអតិថិជនរបស់ Huawei លោក Richard Yu ឲ្យដឹងអំឡុងពេលដាក់សម្ពោធទូរស័ព្ទថ្មីនោះ ថា ការបម្រាមពីសំណាក់រដ្ឋាភិបាលអាមេរិក តម្រូវឲ្យ Huawei ត្រូវបោះបង់ចោលសេវាកម្មទូរស័ព្ទពី Google (Google Mobile Services) ដោយត្រូវជំនួសមកប្រើកម្មវិធី និងសេវាកម្មផ្ទាល់ខ្លួន ហៅថា Huawei Mobile Services វិញ។
Huawei ក៏បានដាក់ចេញ App Gallery ជាកន្លែងទាញយកកម្មវិធី ដោយបច្ចុប្បន្ន វាមានកម្មវិធីសរុបប្រមាណ 45,000 ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកប្រើប្រាស់នៅតែអាចធ្វើការដំឡើងកម្មវិធី ឬទាញយកឯកសារ APKs មកដំឡើងបានលើស្មាតហ្វូននេះ ដូចស្មាតហ្វូនមកចិន ឬកូរ៉េ (ស្មាតហ្វូនសម្រាប់តែប្រើក្នុងស្រុក) ផ្សេងដែលធ្លាប់មានលក់នៅទីផ្សារកម្ពុជាកន្លងមកបានធម្មតា គ្រាន់តែថាអាចរងការគំរាមកំហែងពីបញ្ហាវីរុសផ្សេងៗគ្រប់ពេល ពីវេបសាយឬ Store ក្រៅផ្លូវការទាំងនោះ៕