
បន្ទាប់ពីមានព័ត៌មានកក្រើកស្ដីពីទូរស័ព្ទ Mate 30 Series បង្ហាញខ្លួនដោយគ្មានសេវាកម្មពីក្រុមហ៊ុន Google ពីព្រោះបញ្ហាសង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលអ្នកតាមដានទីផ្សារយល់ថាវាអាចពិបាកសម្រាប់ Huawei ក្នុងការវាយលុយទីផ្សារសកល ប៉ុន្តែនាយកប្រតិបត្តិ Huawei លោក Richard Yu បានបញ្ជាក់ថាស្មាតហ្វូនរបស់ក្រុមហ៊ុនលោកនៅតែអាចលក់បានល្អដដែល។
តាមការចុះផ្សាយរបស់វេបសាយ Android Authority បាននិយាយថា លោក Richard Yu នៅតែជឿជាក់ថា Mate 30 និង Mate 30 Pro នឹងនៅតែលក់បានយ៉ាងតិច 20 លានគ្រឿង។ ខណៈការបំរាមពីអាមេរិក វាបានប៉ះពាល់តែទីផ្សារក្រៅស្រុកប៉ុណ្ណោះ។ លោកបន្តថា ការលក់ស្មាតហ្វូនរបស់ Huawei នៅក្នុងប្រទេសចិន នៅតែមានការឡើងរហូតដល់ ៣១% ឯណោះ នេះបើគិតត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០១៩ នេះ។ ចុះសម្រាប់អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ។
Huawei ត្រូវបោះបង់ចោលសេវាកម្មទូរស័ព្ទពី Google (Google Mobile Services) ដោយត្រូវជំនួសមកប្រើកម្មវិធី និងសេវាកម្មផ្ទាល់ខ្លួន ហៅថា Huawei Mobile Services វិញ។ Huawei ក៏បានដាក់ចេញ App Gallery ជាកន្លែងទាញយកកម្មវិធី ដោយបច្ចុប្បន្ន វាមានកម្មវិធីសរុបប្រមាណ ៤៥,០០០ ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកប្រើប្រាស់នៅតែអាចធ្វើការដំឡើងកម្មវិធី ឬទាញយកឯកសារ APKs មកដំឡើងបានលើស្មាតហ្វូននេះ ដូចស្មាតហ្វូនមកចិន ឬកូរ៉េ (ស្មាតហ្វូនសម្រាប់តែប្រើក្នុងស្រុក) ផ្សេងដែលធ្លាប់មានលក់នៅទីផ្សារកម្ពុជាកន្លងមកបានធម្មតា គ្រាន់តែថាអាចរងការគំរាមកំហែងពីបញ្ហាវីរុសផ្សេងៗគ្រប់ពេល ពីវេបសាយឬ Store ក្រៅផ្លូវការទាំងនោះ៕