
ក្រោយសម្ពោធជាផ្លូវការនូវស្មាតហ្វូន Meizu 16th (Meizu 16 និង Meizu 16 Plus) ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីដើមខែសីហា ថ្មីមានដំណឹងថ្មីមកថា ក្រុមហ៊ុនមកចិននេះ នឹងត្រៀមបញ្ចេញនូវជំនាន់ Edition មួយពីលើទូរស័ព្ទខាងលើជាមួយនឹងជម្រើសពីរពណ៌បន្ថែម។
តាមរូបភាពបែកធ្លាយត្រូវបានគេបញ្ជាក់ថា វាជាស្មាតហ្វូន Meizu 16 ជំនាន់ថ្មីពណ៌ថ្មី Mirror Blue ដែលបង្ហាញចេញជាប្រភេទពណ៌ច្របាច់លាយគ្នា មើលទៅពិតជាស្រស់ស្អាតដូចស៊េរីទូរស័ព្ទ OPPO F9 ដែរ។ ចំពោះស្មាតហ្វូននេះ ទំនងស្រោបដោយកញ្ចក់ 3D glass ដែលមានលក្ខណៈកោងបន្តិចនៅសងខាងជុំវិញជ្រុងទាំង៤ នៃទូរស័ព្ទ។ Meizu 16th ពណ៌ថ្មីនេះ អាចនឹងជាម៉ូដែល Meizu 16 Plus។ យ៉ាងណា ពេលនេះមិនទាន់មានការអះអាងពីក្រុមហ៊ុន Meizu ទៅលើម៉ូដែល Meizu 16th Mirror Blue នេះនៅឡើយ។
សូមបញ្ជាក់ថា ទូរស័ព្ទ Meizu 16th ត្រូវបានបំពាក់អេក្រង់លាតធំទូលាយដែលមានសមាមាត្រ 18:9 aspect ទំហំអេក្រង់ ៦អ៊ីញ ប្រើឈីប Snapdragon 845 មានពីរជម្រើសគឺ 64GB និង 128GB រីឯ RAM មានដល់ ៣ជម្រើសគឺ 4GB, 6GB និង 8GB។ ចំណែកកាមេរ៉ាក្រោយភ្លោះទំហំ 12MP+20MP ហើយខាងមុខទំហំ 20MP។ ស្មាតហ្វូននេះមានកម្លាំងថ្ម 3010mAh។
ចំណែក Meizu 16th Plus វិញមានអេក្រង់ ៦,៥អ៊ីញ S-AMOLED ជាមួយសមាមាត្រ 18:9 aspect ratio និងប្រើបន្ទះឈីបដូចគ្នា រីឯកាមេរ៉ាក្រោយភ្លោះ និងខាងមុខមុខ ក៏មិនខុសគ្នានឹង Meizu 16 នោះទេ។ ម៉ូដែល Plus មានអង្គចងចាំ 128GB និង 256GB និង RAM ពីរទំហំគឺ 6GB និង 8GB។ វាមានកម្លាំងថ្ម 3750mAh៕