ក្រុមហ៊ុនរថយន្តអគ្គិសនីជប៉ុននឹងបើកដំណើរជាលើកដំបូងក្នុងទីផ្សារខេត្តសៀមរាប

សៀមរាប៖ នា​រសៀល​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ តំណាង​ក្រុមហ៊ុន Toyota Tsusho Corporation ដែលជា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​ជប៉ុន​ប​ង្ហា​ញ​គ្រោង​ត្រៀម​បើកដំណើរ​ការលក់​​ក្នុង​ប្រទេសកម្ពុជា ដោយចាប់យក​ខេត្តសៀមរាបជាទីផ្សារ​ដំបូង។ក្នុងជំនួប​សម្ដែង​ការគួរសម​ជាមួយ​ឯកឧត្តម ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក Naoto Yamagishi ប្រធាន​គ្រប់គ្រង​គម្រោង​ទូទៅ​ក្រុមហ៊ុន Toyota Tsusho Corporation បាន​ប្រាប់​ពី​ប្រវត្តិត្រួសៗ​របស់​ក្រុមហ៊ុន​របស់ខ្លួន និង​ណែនាំ​ពី​រថយន្ត​អគ្គិសនី​ថ្មី​ដែល​ក្រុមហ៊ុន​ទើប​ផលិត និង​ត្រៀម​បញ្ចេញ​លក់​ក្នុង​ទីផ្សារ​ខេត្តសៀមរាប។ លក្ខណៈពិសេស​នៃ​រថយន្ត​នេះ ផលិតឡើង​ក្នុងន័យ​គិតគូរ​ពីបញ្ហា​បរិស្ថាន​ខ្ពស់ មិន​ប៉ះពាល់​ដល់​ការបំពុល​ខ្យល់អាកាស និង​ការរំខាន​ដោយ​សំឡេង ។
ឯកឧត្តម ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រថយន្ត​អគ្គិសនី និង​គាំទ្រ​ចំពោះ​ផលិតផល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នេះ។ ជាមួយគ្នា​នោះ ឯកឧត្តម​ក៏​សម្ដែង​ការគាំទ្រ​ផងដែរ​ទៅដល់​ផែនការ​បង្កើត​គម្រោង​ដំឡើងរថយន្ត​អគ្គិសនី​នេះ​នៅ​ខេត្តសៀមរាប ព្រោះ​ផែនការ​នេះ​អាចជួយ​បង្កើត​មុខរបរ ផ្ទេរ​នូវ​ចំណេះដឹង ព្រមទាំង​បច្ចេកវិទ្យា​ដល់​ប្រជាជន​កម្ពុជា៕

រថយន្តអគ្គិសនីនៅជប៉ុន
រថយន្តអគ្គិសនីនៅជប៉ុន