
ខណៈដែលទូរស័ព្ទ Oppo Find X កំពុងទទួលការចាប់អារម្មណ៍រឿងកាឌីហ្សាញស្អាត រួមនឹងបច្ចេកវិទ្យាកាមេរ៉ាទំនើប ថ្មីៗនេះមានដំណឹងមួយបង្ហើបថា ក្រុមហ៊ុន Lenovo កំពុងសំងំផលិតទូរស័ព្ទដែលមានកាមេរ៉ាអាចរុញឡើងដូចគ្នានេះដែរ។
ក្រុមហ៊ុន Lenovo ត្រូវគេរាយការណ៍ដែរថា ទំនងកំពុងសំងំផលិតស្មាតហ្វូនប្រើគំនិតច្នៃប្រឌិតលាក់កាមេរ៉ាប្រហាក់ផងដែរ ដើម្បីរំកិលសាច់អេក្រង់កាន់តែលាតធំពេញគែមជាងមុន។ ជាក់ស្ដែងអនុប្រធានក្រុមហ៊ុនអេឡិចត្រូនិកចិននេះ ទើបបាន share វីដេអូមួយនៅលើគេហទំព័រ Weibo បង្អួតនូវស្មាតហ្វូន Lenovo មិនទាន់ប្រកាសផ្លូវការ ដែលមានគែមពិតជាស្ដើងបំផុត និងមានកាមេរ៉ាលានឡើង pop-up ស្ទីលដូច Oppo Find X។
មិនតែប៉ុណ្ណោះវីដេអូបានបង្ហាញឱ្យឃើញទូរស័ព្ទបានបង្កប់បច្ចេកវិទ្យាស្កេនក្រយៅដៃក្នុងកញ្ចក់អេក្រង់ គឺពិតជាទំនើប ដែល Find X គ្មានឡើយ ព្រោះមានត្រឹមមុខងារស្កេនមុខដោះសោ។ យ៉ាងណាពេលនេះមិនទាន់មានព័ត៌មានលំអិតអំពីលក្ខណៈសម្បត្តិរបស់វានៅឡើយ សូម្បីតែឈ្មោះផ្លូវការ៕