ការងាកមកប្រើបច្ចេកវិទ្យា ជួយឲ្យអ្នករត់រ៉ឺម៉កកង់បីអាចរកចំណូលច្រើនទ្វេដង

ការងាកមកប្រើបច្ចេកវិទ្យា ដើម្បីសម្រួលដល់ដំណើរការអាជីវកម្មជារឿងមួយដ៏ត្រឹមត្រូវ ខណៈបច្ចេកវិទ្យា​បាន​ជួយ​​សម្រួល និងជួយបង្កើនចំណូលបានច្រើន។ ជាមួយគ្នានេះ ​អ្នក​បើក​បរ​រ៉ឺម៉ក​​កង់​បី​ជាច្រើនបាន ផ្លាស់ប្ដូរ​ទំលាប់​នៃ​ការ​ហៅភ្ញៀវធម្មតា មកប្រើកម្មវិធីហៅ និងកក់ការ​ធ្វើ​ដំណើរ​តាមរយៈទូរស័ព្ទ បានជួយឲ្យពួកគាត់​អាច​រក​ចំណូល​បាន​ច្រើន​ជាងមុនទ្វេដង។

លោក សំណាង ដែលជា​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ដែល​ប្រើប្រាស់​កម្មវិធី PassApp Taxi រាប់រៀប​ឲ្យដឹងថា មុននឹង​ឈាន​ជើង​ចូលមក​ចាប់​អាជីព​ជា​អ្នករត់​រ៉ឺម៉ក រូបលោក​ធ្លាប់ជា​អ្នកបើកបរ​រថយន្ត​ឲ្យគេ ប៉ុន្តែ​ដោយ​ប្រាក់ខែ​មិនអាច​ចាយវាយ​គ្រប់​ចំណាយ រូបលោក​ក៏​ផ្ដូ​រម​ក​ចាប់​អាជីព​ថ្មី​ដូច​បច្ចុប្បន្ន បើក​ដឹក​ភ្លៀវ​តាម​ធម្មតា​ដូច​គេឯង។ លោក​បន្តថា រយៈកាល​បាន​កន្លង របរ​ថ្មី​បាន​ត្រឹម​មួយ​គ្រប់ ដោយ​មួយថ្ងៃ​អាច​រកចំណូលបាន​ត្រឹម 2 ទៅ 3 ម៉ឺន​រៀល បើ​ហេង​ដឹក​ចំ​ភ្លៀវ​ស្រួល​អាច​រកបាន 5 ទៅ 8 ម៉ឺន​រៀល ប៉ុន្តែ​សំណាង​មិនចេះ​តែមាន​ទេ។ ក្រោយមកទៀត នៅ​ចុងឆ្នាំ 2016 លោក​ក៏​ត្រូវបាន​មិត្តភក្ដិ​ដែល​ធ្លាប់​ស្គាល់គ្នា​ណែនាំ​ឲ្យប្រើ​កម្មវិធី PassApp Taxi។

បុរស​មាឌ​មាំ សម្បុរ​សណ្ដែកបាយ​និយាយ​ទាំង​ទឹកមុខ​ស្រស់ថ្លា​ថា ក្រោយ​ងាក​មក​ប្រើ​កម្មវិធី​កក់​តាម​ទូរស័ព្ទ សកម្មភាព​ដឹក​ភ្ញៀវ​របស់លោក​មានការ​ប្រែប្រួល​គួរឲ្យកត់សម្គាល់ ហើយ​ការ​ជិះ​ដេញចាប់​ម៉ូយ​តាមផ្លូវ តាម​ផ្សារ​ក៏​លែងមាន​ទៀត​ដែរ។ ត្រឹម​ឈប់​ចត​នៅតាម​ទីសាធារណៈ ឬ​ហាង​កាហ្វេ​ណាមួយ ហើយ​បើក​កម្មវិធី PassApp លើ​ទូរស័ព្ទ​នឹង​ចាំ​ទ​ទូល​ការ​កក់​ពី​ភ្ញៀវ​ជាការ​ស្រេច។ មួយថ្ងៃៗរូបលោក​អាច​រកចំណូលបាន​ច្រើន​ទ្វេដង ធៀប​នឹង​ពេល​មិនទាន់​ចុះឈ្មោះ​ជា​សមាជិក​នៃ​កម្មវិធី។

លោក​ប្រាប់ថា៖«កម្មវិធី​នេះ​ស្រួល​ណាស់​បង! យើង​អត់​ចាំបាច់​ហត់​ដូច​មុន​ទេ អង្គុយ​ផឹក​កាហ្វេ​មិនទាន់​ទាំងអស់​ផង មាន​ភ្ញៀវ​ដឹក​ទៅទៀត​ហើយ។ និយាយ​រួម​ឲ្យតែ​យើង​ឧស្សាហ៍ មិន​ខ្វះ​ភ្ញៀវ​ទេ។ មួយថ្ងៃ​ខ្ញុំ​អាច​រកបាន​ចន្លោះ 7 ម៉ឺន ទៅ 10 ម៉ឺន យ៉ាង​ធូរ។ »

ទាន់​នឹង​នឹង​រឿងនេះ មាន​ហេតុផល​មួយចំនួន​ដែល​ធ្វើឲ្យ​បុរស​វ័យ​កណ្តាល​មួយ​នេះ​ទទួលបាន​ជោគជ័យ​លើ​ការដឹក​អ្នកដំណើរ ក្រោយ​ងាក​មក​ប្រើ​កម្មវិធី PassApp Taxi ។ កត្ដា​សំខាន់​គឺ​តម្លៃ និង​ភាពងាយស្រួល​ក្នុងការ​កក់​ហៅ​រ៉ឺម៉ក​ពេល​ត្រូវការម្ដងៗ មិន​ដូច​ការហៅ​រ៉ឺម៉ក​ម៉ូតូ ដែល​មិន​មានប្រើ​សេវាកម្ម​វិធី ដែល​វា​អាច​បង្កបញ្ហា​ឈឺក្បាល​ដល់​អ្នកធ្វើដំណើរ ព្រោះថា​នៅ​ស្ងាត់ ឬ​ជាយក្រុង កម្រ​មាន​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ណាស់ ដែល​នេះ​ធ្វើឲ្យ​អ្នកធ្វើដំណើរ​ពិបាក​ស្វែងរក។

មួយទៀត ថ្លៃ​ធ្វើដំណើរ​ក៏​ជា​បញ្ហា​ប្រឈម​ផងដែរ ព្រោះ​រ៉ឺម៉ក​ម៉ូតូ​កង់​ភាគច្រើន​មិនមាន​ម៉ែត្រ​វាស់​ដឹង​ពី​ចម្ងាយ​ផ្លូវ គឺ​គ្រាន់តែស្មានៗជាមួយ​អ្នកដំណើរ ហើយ​ការឲ្យ​ថ្លៃ​ដោយ​ពឹង​ផ្អែកទៅលើ​ទីកន្លែង​ជិត​ឆ្ងាយ​ដែល​គិតថា​ស័ក្តិសម​ប៉ុណ្ណោះ។ ប្រសិនបើ​អ្នកដំណើរ​ឲ្យ​ថ្លៃ​គួរសម អ្នកបើកបរ​នឹង​ដឹក​ទៅដល់​ទីតាំង តែ​មិន​ដូច្នោះ​ទេ​អ្នកដំណើរ​ត្រូវ​ស្វែងរក​រ៉ឺម៉ក​ម៉ូតូ​បី​ផ្សេងទៀត ដោយសារ​ចរចា​តម្លៃ​មិនត្រូវ​គ្នា។ រីឯ​ជនបរទេស​វិញ ដែល​មិនដឹង​ពី​បរិបទ​នៅ​ស្រុក​ខ្មែរ ងាយ​ជា​ជនរងគ្រោះ​ដោយសារ​រឿងនេះ​ណាស់៕