Motorola Razr បង្ហាញខ្លួនហើយ តម្លៃជិត $1.5K

ទីបំផុតស្មាតហ្វូន Motorola បតអេក្រង់បានមានរាងដូចទូរស័ព្ទជំនាន់ចាស់ Razr បានបង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ មាន​អេក្រង់​បត់​ខ្នាត​កុន​ទំហំ 6.2 អ៊ីញ និង​មាន​តម្លៃ​ជិត1,499 ដុល្លារ សម្រាប់ទីផ្សារស្រុកក្រៅ។ Motorola Razr ប្រើបន្ទះឈីប Snapdragon 710 មានរ៉េម 6GB និងម៉ាស៊ីនផ្ទុក 128GB។

ស្មាតហ្វូននេះ កាមេរ៉ាចំនួន 3 គ្រាប់ មួយស្ថិតនៅខ្នងខាងក្រោយ និងមួយទៀតនៅក្រោមអេក្រង់ទី 2 ផ្នែក​ខាង​មុន ពេលបត់ ហើយមួយគ្រាប់ទៀត គឺស្ថិតនៅផ្នែកខាងក្នុង ត្រង់កន្លែងថ្ងាសឆក។ កាមេរ៉ាធំមានទំហំ 16 MP Aperture f/1.7 បំពាក់មុខងារពិសេសជាច្រើនដូចជា EIS, Dual Pixel AF និង Laser AF ហើយមានភ្លើង Flash LED ចំនួន 2 គ្រាប់ រីឯកាមេរ៉ាខាងមុខវិញ មានទំហំ 5 MP ជាមួយ Aperture f/2.0 និងមិនមាន Flash LED នោះទេ ដែលវាបានប្រើពន្លឺអេក្រង់ជាជំនួយ ក្នុងការថតនៅទីងងឹត ផងដែរ។

Motorola Razr ប្រើ pOLED ជាមួយ Aspect Ratio ខ្នាតកុន 21:9 និងអេក្រង់ទី 2 ស្ថិតនៅផ្នែកខាង​ក្រោយ​វិញ មានទំហំ 2.7 អ៊ីញ ប្រភេទ gOLED ប្រើសម្រាប់មើលលើមុខងារផ្សេងៗ ថតរូប Selfie, កំណត់មុខងារផ្លូវ​កាត់​ផ្សេងៗ និងប្រើ Google Assistant ដោយមិនចាំបាច់បើក​ប្រើ​អេក្រង់ធំ។ ទូរស័ព្ទ នេះ បានបំពាក់មក​ជាមួយ​​ថាមពលថ្មទំហំ 2,510mAh ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន TurboPower ទំហំ 15W និងវាបានដំណើរការដោយ Android Pie។ ចំពោះថ្ងៃចេញលក់ជាក់ស្ដែង Motorola មិនទាន់បានបញ្ជាក់​នៅ​ឡើយ​ទេ៕